អាជ្ញាធរបានរាយការណ៍ថា ភ្លើងឆេះផ្សារលក់កាំជ្រួចនៅក្នុងរដ្ឋធានីរបស់ម៉ិចស៊ីកូ កាលពីថ្ងៃអង្គារម្សិលមិញបានបណ្តាលឲ្យមនុស្ស២៦នាក់បានស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះយ៉ាងឆាប់រហ័សនិងរាលដាលការឆេះ នាំឲ្យមានផ្សែងខ្មៅហុយឡើងទៅលើពាសពេញរដ្ឋធានី។
ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើងឆេះ ប៉ុន្តែដោយសារស្ថានភាពឆេះខ្លាំង ទើបពួកគេនាំគ្នាជម្លៀសពលរដ្ឋចេញពីទីនោះសិន។
ក្រុមយោធាត្រូវបានដាក់ប្រចាំនៅជុំវិញនោះ ដើម្បីជួយដល់ភ្នាក់ងារជួយសង្គ្រោះ ដូចជាការដឹកជញ្ជូនអ្នករងរបួសនិងអ្នកស្លាប់ចេញពីទីនោះ តាមរថយន្តនិងឧត្ថម្ភាចក្រ។ អភិបាលរដ្ឋធានី លោក Eruviel Avila ថ្លែងថាអ្វីដែលជាចំណុចអាទិភាពនៅពេលនេះ គឺការជួយសង្គ្រោះដល់អ្នកដែលរងរបួស៕