អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃនេះថា ប៉ូលិសប្រឆាំងភេរវកម្មប្រទេសនេះ បានសម្លាប់ជនសង្ស័យ ៣នាក់ បន្ទាប់ពីមានការផ្ទុះអាវុធនៅឯផ្ទះមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃទីក្រុងហ្សាកាតា ដែលនៅទីនោះ គេបានរកឃើញគ្រាប់បែក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្តថា ការបង្ក្រាបនោះ បានកើតឡើងភ្លាមៗ ក្រោយពីប៉ូលិសឥណ្ឌូនេស៊ីនិយាយថា ពួកគេបានសាកសួរជនសង្ស័យ ១៤នាក់ បន្ទាប់ពីមានការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផែនការវាយប្រហារអត្តឃាត នៅក្នុងទីក្រុងហ្សាកាតា និងទីតាំងដទៃទៀត។
ផ្អែកតាមរូបភាពពីទូរទស្សន៍ បានបង្ហាញឲ្យមន្ត្រីដោះគ្រាប់បែកម្នាក់ ពាក់អាវការពារគ្រាប់បែក ដើរចូលទៅក្នុងផ្ទះនោះ នៅតំបន់តាន់ហ្គ័ររ៉ាង ខណៈពលរដ្ឋនៅឈរមើលទិដ្ឋភាពនោះ នៅខាងក្រៅទីតាំងដែលប៉ូលិសហ៊ុំព័ទ្ធ។
កាលពីព្រឹកថ្ងៃម្សិលមិញ ប៉ូលិសឥណ្ឌូនេស៊ីនិយាយថា ពួកគេបានសួរចម្លើយជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធនឹងផែនការវាយប្រហារគ្រាប់បែកអត្តឃាត នៅទីក្រុងហ្សាកាតា និងតាមទីតាំងមានប្រជាជនកុះករ នៅលើកោះជ្វា៕