ពលរដ្ឋមានជម្លោះដីធ្លីត្រូវបានអាជ្ញាធរចាប់សែងចេញពីកន្លែងតវ៉ាមុខក្រសួងដែនដី

សកម្មដីធ្លីមួយចំនួន ត្រូវបានអាជ្ញាធរចាប់សែងចេញពីមុខក្រសួងដែនដី នៅព្រឹកថ្ងៃពុធនេះ  ខណៈពួកគេប្រហែល ១០០នាក់បាននាំគ្នាមកតវ៉ា ឲ្យស្ថាប័ននេះ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី។

អាជ្ញាធរខណ្ឌចំការមនដែលបានចុះមកមើលការតវ៉ានោះ បានដេញសកម្មជនដីធ្លីជាអតីតសហគមន៍បឹងកក់ និង​បុរីកីឡា ឲ្យទៅជួបសាលារាជធានីភ្នំពេញ ជាអ្នកដោះស្រាយ ។ ប៉ុន្តែអ្នកតវ៉ាមិនព្រមចេញ ហើយនៅតែស្រែកឲ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យមកជួប ក៏ត្រូវបានកម្លាំងអាជ្ញាធរប្រមាណ ៦០ នាក់ ចាប់សែងស្រ្តី៣នាក់ចេញពីមុខក្រសួង។

តំណាងអតីតអ្នកបឹងកក់ កញ្ញា អ៊ីម ស្រីតូច ដែលត្រូវបានចាប់សែងចេញនោះ  ថ្លែងថា កន្លងមកក្រសួងធ្លាប់សន្យាជាមួយពួកគាត់ ថានឹងជំរុញទៅសាលារាជធានីភ្នំពេញពន្លឿនករណីនេះ ។ ប៉ុន្តែ កញ្ញា  បង្ហាញការខកចិត្ត ខណៈដែលក្រសួងមិនបានមកជួបគាត់ ហើយបែបជាយកកម្លាំងមកឲ្យចាប់សែងពួកគេចេញទៅវិញ ។

កញ្ញាថា៖ «ដោយសារឯកឧត្ដម ជា សុផារ៉ា គាត់មកដល់មិនជួបពួកយើងគាត់មានការរើសអើងប្រជាពលរដ្ឋគាត់តែងតែប្រើកម្លាំងបណ្ដាញពួកយើងចេញទៅវិញការពីព្រឹកឯកឧត្ដមអត់ទាន់មកអត់មានការប្រើកម្លាំងអីចឹងទេ»។

នៅពេលតវ៉ានៅព្រឹកមិញនេះដែរ សកម្មជនដីធ្លីបានធ្វើពិធីបែបសាសនា ដោយដាក់បណ្ដាសារនៅមុខ បើស្ថាប័ននេះបង្កើតគណៈកម្មការដោះស្រាយបញ្ហាដីធ្លីហើយ តែមិនបានដោះស្រាយឲ្យពួកគេ។

កញ្ញាថា៖ «ចឹងយើងមកលើកនេះយើងមកដាក់បណ្ដាសារណាស់ឲ្យរដ្ឋាភិបាលប្រសិនជាបង្កើតគណកម្មាធិការហើយបែរជាមិនដោះស្រាយជូនប្រជាពលរដ្ឋចឹងយើងដាក់បណ្ដាសារសូមឲ្យស្ថាប័ននេះរលាយ រលាយទៅវិញកុំឲ្យបោកប្រាស់រាស្រ្តទៀតណាស់ រលាយចាយតែម្ដងទៅកុំឲ្យមានគណកម្មាធិការដោះស្រាយដីធី្លស្អី»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងដែនដីបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

នាយកលេខាធិកាដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហានេះឲ្យប្រជាពលរដ្ឋ ដោយជួយសមសម្រួល ជាជាងយកកម្លាំងទៅចាប់សែងពលរដ្ឋឡើយ។

លោកថា៖ «(រដ្ឋាភិបាល)ដែលជាអ្នកទទួលសំលេងឆោ្នតជាអ្នកបម្រើប្រជាពលរដ្ឋគឺត្រូវតែរកមធ្យោបាយដើម្បីដោះស្រាយជូនពលរដ្ឋហើយការប្រើអំពើហឹង្សាចាប់គាត់ចេញអីមិនដោះស្រាយ។ អាហ្នឹងមែនជាកាតព្វកិច្ចរដ្ឋាភិបាលស្របច្បាប់ដែលទទួលបានសំលេងឆោ្នតពីប្រជាពលរដ្ឋទេគឺរដ្ឋាភិបាលដែលផ្ដាច់ការអីនិងគេប្រើប្រាស់នូវសកម្មភាពបែបហ្នឹង។  តែបើសិនជារដ្ឋាភិបាលក្នុងសង្គមប្រជាធិបតេយ្យដែលទទួលសំលេងឆោ្នតពីប្រជាពលរដ្ឋគឺគេត្រូវតែព្យាយាមចចាររកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពដោយសនិ្តវិធីដោយស្របតាមច្បាប់ដោយគោរពម្ចាស់សំលេងឆោ្នតឬពលរដ្ឋរបស់ខ្លួន»។

ការអភិវឌ្ឍន៍នៅតំបន់បឹងកក់បានប៉ះពាល់ជាង៤០០០គ្រួសារ។ បើតាមពលរដ្ឋ ពួកគេ ៣ ០០០ គ្រួសារត្រូវបានអាជ្ញាធរ បណ្ដេញចេញទាំងបង្ខំ ដោយផ្ដល់សំណងឲ្យក្នុងមួយគ្រួសារ ៣០០០ ដុល្លារ និងលុយខ្មែរ២លានរៀល។

ចំណែកឯពលរដ្ឋបុរីកីឡាវិញអះអាងថា ដីរបស់ពួកគេត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យក្រុម ផាន អ៊ីម៉ិច ដោយមិនទាន់ផ្តល់​សំណងសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ