ក្រសួងកសិកម្ម​​ថា​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំនេះ​កើន​ឡើង តែ​មាន​​ការ​បារម្ភពី​ការ​ទម្លាក់​តម្លៃស្រូវ

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជាក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ការ​កើន​ឡើង តែ​ក្រសួង​​​​នៅ​​តែ​មាន​ការ​បារម្ភពីការ​ទម្លាក់​តម្លៃ​ស្រូវនៅ​តាម​មូល​ដ្ឋាន​របស់​ឈ្មូញ​ទិញ​អង្គរ។

របាយការ​ណ៍​របស់​ក្រសួង​កសិកម្មពី​សកម្មភាព​ការងារ​របស់​ខ្លួន​សម្រាប់​រយៈពេល១១ខែ​ ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថាការប្រមូល​​ផល​ស្រូវវស្សា​បាន​៣ ៥៤៦ ១១៩តោនលើស​ឆ្នាំ​មុន​ជាង​១លានតោន ​​ ហើយការ​​នាំ​ចេញ​អង្ករក​ម្ពុជា​ក្នុង​រយៈពេល​១១​ខែនេះ មាន​បរិមាណ​ចំនួន ៤៧៩ ៦៨៩តោន ដែល​កើន​ឡើង​លើស​ឆ្នាំ​មុន ២២ ៧៧២តោន ។

តាមរបាយការណ៍ដដែល អង្ករកម្ពុជាបាន​​នាំ​ចេញ​ទៅ​កាន់​៦៤ប្រទេស​ ក្នុង​នោះ​ចិន​ឈរ​លំដាប់​ទី​មួយ បារាំង​ឈរ​លេខ​ពីរ ប៉ូឡូញ​ឈរលេខ​បី និង​ប្រទេស​ម៉ាឡេស៊ី​ឈរ​លំដាប់​លេខ​បួន ដែល​បាន​នាំ​ចេញ​ដោយ​ក្រុម​ហ៊ុន​ចំនួន​៨៣។

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សាឆ្នាំ​២០១៦ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ហើយ​ប្រជាកសិករ​កំពុង​ប្រមូល​ផល​ស្រូវ​រដូវ​វស្សានេះ​យ៉ាង​សកម្ម​ផង​ដែរ តែ​ខណៈដែល​មាន​ការ​ប្រមូល​ស្រូវ​ស្រាល ​ដើម​ឆ្នាំនេះ​ក៏​មាន​ការ​បន្ទាបតម្លៃ​ស្រូវ​នៅ​លើ​ទី​ផ្សារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ចំណូល​របស់​កសិករ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ