រដ្ឋាភិបាលកម្ពុជាថាចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ បំណុលដែលកម្ពុជាជំពាក់បរទេសសរុបមានចំនួនតែជាង៥ពាន់លានដុល្លារអាមេរិក ហើយក្រៅពីនោះជាបំណុលឯកជន។
របាយការណ៍ស្តីពីស្ថិតិបំណុលអន្តរជាតិចេញផ្សាយថ្ងៃទី១៤ ខែធ្នូកន្លងទៅ ធនាគារពិភពលោកបានឲ្យដឹងថា កម្ពុជាជំពាក់បំណុលបរទេសមានចំនួន៩៣១៨លានដុល្លារ គិតត្រឹមឆ្នាំ២០១៥ ដោយចំនួននេះគឺកើនឡើង ៣៧៨ភាគរយបើធៀបទៅឆ្នាំ២០០០ ដែលពេលនោះកម្ពុជាជំពាក់បរទេសត្រឹមតែ១៩៤៦លានដុល្លាតែប៉ុណ្ណោះ។
ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ធ្នូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលស្គាល់ថាកម្ពុជាបានជំពាក់បំណុលបរទេសមានចំនួនជិតមួយម៉ឺនលានដុល្លាអាមេរិកមែន តែចំនួននេះមិនមែនជាបំណុលដែលរដ្ឋជំពាក់ទាំងស្រុងនោះទេ។ ក្រសួងបានឲ្យដឹងថា ក្នុងទំហំទឹកប្រាក់ជិត មួយម៉ឹនលានដុល្លាអាមេរិកនោះ រដ្ឋជំពាក់បរទេសត្រឹមប្រមាណ ៥៦០០លានដុល្លាអាមេរិកប៉ុណ្ណោះ ចំណែកទឹកប្រាក់ជិត៤ពាន់លានដុល្លារទៀតនោះជាប្រាក់បំណុលឯកជនក្រៅប្រទេស។
ក្រសួងបញ្ជាក់ថា « ដើម្បីជៀសវាងការភ័ន្តច្រឡំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការស្រាយបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបច្បាស់ថា តាមនិយមន័យសកល បំណុលក្រៅប្រទេស គឺជាបំណុលដែលរួមបញ្ជូលនូវ ១). បំណុលសាធារណៈក្រៅប្រទេស (បំណុលដែលរដ្ឋខ្ចីគេពីក្រៅប្រទេស ហើយជាបន្ទុកដែលរដ្ឋត្រូវសង និងទី២). បំណុលឯកជនក្រៅប្រទេស (បំណុលដែលវិស័យឯកជនខ្ចីពីគេក្រៅប្រទេស ហើយបន្ទុកដែលវិស័យឯកជនត្រូវសង) » ។
តាមរយៈការបកស្រាយនេះ បើធៀបចំនួនបំណុលទៅនឹងចំនួនប្រជាជនកម្ពុជា១៥លាននាក់ មានន័យថាពលរដ្ឋកម្ពុជាម្នាក់ត្រូវជំពាក់បំណុលគេជាង៣០០ដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាមួយឆ្នាំគិតជាមធ្យមមានចំនួនប្រមាណជាងមួយពាន់ដុល្លារ។
ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ចបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថាស្ថានភាពបំណុលកម្ពុជានេះត្រូវបានអះអាងដោយស្ថាប័នហិរញ្ញវត្ថុធំៗ ថានៅមាននឹងនរ និងមានកំរិតគ្រោះថ្នាក់ទាបនៅឡើយ៕









