ការស្រាវជ្រាវរបស់អង្គការអេឌីឌីអន្តរជាតិ បានរកឃើញថាប្រជាពលរដ្ឋខ្មែរដែលបានយល់ដឹងច្បាស់ពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) មានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។
ការរកឃើញនេះត្រូវបានដាក់បង្ហាញក្នុងកិច្ចពិភាក្សាថ្នាក់ជាតិស្តីពី «មិនមាននរណាម្នាក់ត្រូវគេបំភ្លេចចោល» ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៅព្រឹកថ្ងៃទី២២ ធ្នូ ២០១៦ មានអ្នកចូលរួមប្រមាណជា១០០នាក់ មកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាល សមាគមន៍ និងអ្នកពាក់ព័ន្ធ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) ដែលប្រទេសនៅលើពិភពលោកអនុម័តទាំង១៧ចំណុចរួមមាន ១. គ្មានភាពក្រីក្រ ២. គ្មានភាពអត់ឃ្លាន ៣. សុខភាពល្អ ៤. គុណភាពនៃការអប់រំ ៥. សមភាពយេនឌ័រ ៦. ទឹកស្អាតនិអនាម័យ ៧. ថាមពលទំនើប ៨. ការងារល្អនិងកំណើនសេដ្ឋកិច្ច ៩. ការបង្កើតថ្មីនិងហេដ្ឋារចនាសម្ព័ន្ធ ១០. កាត់បន្ថយវិសមភាព ១១. សហគមន៍និងទីក្រុងដែលមាននិរន្តភាព ១២. ទំនួលខុសត្រូវចំពោះការប្រើប្រាស់ផលិតផល ១៣. ការពារភពផែនដី ១៤. ជីវិតនៅក្រោមទឹក ១៥. ជីវិតនៅលើទឹក ១៦. សន្តិភាពនិងយុត្តិធម៌ ១៧. ភាពជាដៃគូសម្រាប់គោលដៅទាំងនេះ។
នាយកប្រចាំប្រទេសនៃអង្គការអេឌីឌីអន្តរជាតិកម្ពុជា លោក ស្រី វណ្ណថុន ឲ្យដឹងថាអង្គការរបស់លោកនិងអង្គការដៃគូបានប្រមូលទស្សនៈ ការយល់ឃើញរបស់ប្រជាជនតាមក្រុមនីមួយៗដូចជា ក្រុមស្ត្រី ក្រុមកុមារ ជនជាតិភាគតិច ជនមានពិការភាព អ្នកងាយរងគ្រោះដោយសារប្រើគ្រឿងញៀន អ្នកស្រឡាញ់ភេទដូចគ្នា និងប្រជាជនទូទៅតាមរយៈអនឡាញផង។ លោកបន្តថា៖ «…អ្នកដែលយល់ដឹងហើយត្រឹមត្រូវច្បាស់លាស់អំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព មានចំនួនតិចមែនទែន មានចំនួនត្រឹមតែ៨ភាគរយ អត់ដល់១០ភាគរយផង» ។
លោកឲ្យដឹងទៀតថា សូម្បីតែមន្ត្រីនៅក្នុងបណ្តារក្រសួងផ្សេងក៏កំរិតនៃការយល់ដឹងនៅមានតិចដែរ ហើយទាមទារការបណ្តុះបណ្តាលឲ្យបានច្រើន ដើម្បីធ្វើការបញ្ចូលនូវបញ្ហាដែលវិស័យរបស់ពួកគេទទួលខុសត្រូវដើម្បីបង្កើតសុចនាករ។ លោកបានសំណូមពរថា សូមចូលរួមទាំងអស់គ្នាដើម្បីផ្សព្វផ្សាយ ព្រោះSDGជារបស់យើងទាំងអស់គ្នា។
កាលពី១៥ខែមុន គឺនៅខែកញ្ញា ២០១៥ ថ្នាក់ដឹកនំារបស់ប្រទេសនានានៅជុំវិញពិភពលោក បានអនុម័តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។ គោលដៅនេះ មានគោលបំណងធ្វើឲ្យមានការផ្លាស់ប្តូរនូវគំរូនៃការអភិវឌ្ឍសព្វថ្ងៃដែលមិនមានចីរភាព ឲ្យទៅ ជាគំរូនៃការអភិវឌ្ឍដែលមានភាពយុត្តិធ៌មជាងមុន ស្មើភាពជាងមុន គិតគូរដល់គ្រប់គ្នា និងប្រកបដោយចីរភាព។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ បានបង្កើតនូវរបៀបវារៈពិភពលោកមួយដើម្បីបញ្ចប់នូវភាពក្រីក្រ សម្រេចឲ្យបាននូវភាពថ្លៃថ្នូរ និងស្មើភាពសំរាប់ទាំងអស់គ្នា នៅក្នុងពិភពលោកដែលប្រកបទៅដោយសន្តិភាព និងការគ្រប់គ្រង់ដោយចីរភាព។ ការប្តេជ្ញាចិត្តមួយយ៉ាងសំខាន់នៅក្នុងគោលដៅនេះ គឺ «មិនមាននរណាម្នាក់ត្រូវគេបំភ្លេចចោល» ដែលមានន័យថាមនុស្សដែលទទួលរងនូវភាពងាយរងគ្រោះធ្ងន់ធ្ងរ និងការរើសអើង គួរតែទទួលបាននូវអាទិភាពនៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) ដែលពិភពលោកកំណត់យក ទាំងអស់មាន១៧ចំណុច ប៉ុន្តែសម្រាប់កម្ពុជាមានដល់ទៅ១៨ចំណុច ដោយថែមបញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយទៀត៕