ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណល ត្រាំ បានជ្រើសរើសយកលោក Peter Navarro ជាអ្នកសេដ្ឋកិច្ច ដែលធ្លាប់បានជំរុញឲ្យអនុវត្តគោលនយោបាយសេដ្ឋកិច្ចតឹងជាមួយចិន ធ្វើជាអ្នកដឹកនាំក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចនៅសេតវិមាន។ នេះបើតាមក្រុមមន្ត្រីរបស់លោកត្រាំថ្លែងកាលពីម្សិលមិញ។
លោក Navarro ជាអ្នកសេដ្ឋកិច្ច និងជាទីប្រឹក្សាលើការវិនិយោគ ហើយក៏ជាអ្នកសរសេរសៀវភៅ និង ផលិតវីឌីអូឯកសារជាច្រើន ដែលពិពណ៌នាពីចិនគំរាមកំហែងសេដ្ឋកិច្ចអាមេរិក ស្របពេលដែលទីក្រុងប៉េកាំងកំពុងប្រើឥទ្ធិពលសេដ្ឋកិច្ច និង យោធាលើបណ្តារប្រទេសនៅអាស៊ី។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមការងាររបស់ត្រាំបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា Navarro ជាអ្នកមានចក្ខុវិស័យ ធ្វើការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចដែលបានធ្លាក់ចុះ ដើម្បីឲ្យរីកចម្រើន និងជួយបញ្ឈប់ការបាត់បង់ទីផ្សារការងារក្នុងប្រទេស។
ត្រាំ គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជាអ្នកល្បីឈ្មោះខាងធ្វើជំនួញ ហើយក្នុងយុទ្ធនាការឃោសនារបស់លោកគឺលោកថា នឹងប្រឆាំងជាមួយអ្នកដែលមានទំនាក់ទំនងមិនល្អជាមួយអាមេរិក គឺលោកព្រមានបង្កើនពន្ធនាំចូលពីប្រទេសម៉ិកស៊ីកូ និង ចិនពេលដែលលោកចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាខាងមុខនេះ។
Navarro អាយុ៦៧ឆ្នាំ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Irvine នៅកាលីហ្វ័រញា និងជាទឹប្រឹក្សាក្នុងអំឡុងពេលត្រាំធ្វើយុទ្ធនាការគឺលោកបានសរសេរសៀវភៅជាច្រើន ក្នុងនោះមានសៀវភៅមួយឈ្មោះថា ស្លាប់ដោយសារចិន ដែលបាននិយាយពីការថយចុះផលិផលគោលរបស់អាមេរិក ដោយសារតែចិនជាអ្នកបង្កឡើង។