មន្ត្រីគណបក្សសង្គ្រោះ​ជាតិនៅខេត្តបន្ទាយមានជ័យ​ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

ប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុក Sor Chandeth)

មន្ត្រីគណបក្សសង្គ្រោះ​ជាតិ​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ត្រូវសត្ថមកិច្ចចាប់​ឃុំខ្លួន​នឹងគ្រោងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីមានបញ្ហាជាមួយមន្រ្តីនគរបាលច្រកព្រំដែន។

ការចាប់ឃុំខ្លួននេះ បន្ទាប់ពីនគរបាលម្នាក់បានចោទថា​​ អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិប្រចាំខេត្តបន្ទាយមានជ័យ ​​លោក​ ម៉ង់​ ពុទ្ធី បានបើកឡានបុកនគរបាលរូបនោះឲ្យសន្លប់ ដោយចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។

ប៉ុន្តែចៅសង្កាត់ប៉ោយប៉ែត​ លោក ចៅ វាសនា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោក ម៉ង់​ ពុទ្ធី​ មិនបានជិះឡានបុកប៉ូលីសម្នាក់នោះដូចការចោទប្រកាន់ឡើយ។ លោកថាជម្លោះនេះកើតឡើងដោយសារអាជ្ញាធរនៅទីនោះ មានគំនុំជាមួយលោក ម៉ង់​ ពុទ្ធី ខណៈដែលលោកធ្លាប់ជួយដោះស្រាយបញ្ហាឲ្យពលរដ្ឋដែលត្រូវបានអាជ្ញាធរចាប់​យកម៉ូតូ នៅពេលប្រជាពលរដ្ឋមិនបានបង់លុយឲ្យមន្ត្រីប៉ូលីសរូបនោះ។

លោក ស៊ុំ ចាន់គា មន្រ្តីសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មកទល់ពេលនេះហើយមិនទាន់មានសាក្សីចង្អុលបង្ហាញថា ឡានបុកប៉ូលិសអន្តោបវេសន៍សោះ កម្មករ អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប បានលើកឡើងថាសមត្ថកិច្ចដួលខាងមុខឡានដោយខ្លួនឯង ចំណែករូបភាពតាមរយៈសមត្ថកិច្ចបង្ហោះចេញមន្ទីរពេទ្យប្រទេសថៃ បានបង្ហាញអំពីការរបូសយ៉ាងធ្ងន់ធ្ងរ ឃើញរុំគ្រាសត្រង់កនិងស្នាមនៅលើភ្លៅ ជាលក្ខណៈប៉ះទង្គិច ។

បើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុកបង្ហាញថា ប៉ូលីសម្នាក់ឈ្មោះ ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿង ដោយក្នុងដៃមានកាន់អាយកូមមិនព្រមព្រលែងចោលឡើយ ខណៈខ្លួនបានឃាត់រថយន្តមួយគ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ