លោក សម​ រង្ស៊ី ការពារអត្ថបទរបស់លោកដែលនិយាយពីការផ្ទេរអំណាចដោយសន្ដិវិធី

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ប្រធានគណបក្សប្រឆាំងលើកឡើងថាអត្ថបទលើហ្វេសប៊ុករបស់លោកកាលពីលើកមុន គឺចង់រំលឹកអំពីការផ្ទេរអំណាចដោយសន្ដិវិធី ដោយលោកថាពេលគណបក្សលោកឈ្នះឆ្នោត នឹងមិនធ្វើការសងសឹកលើអ្នកកាន់អំណាចពីមុនឡើយ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើហ្វេកប៊ុក នៅថ្ងៃសុក្រ ទី២៣ ធ្នូនេះថា អត្ថបទដែលលោកចុះផ្សាយពីលើកមុនមានចេតនាលើកយកប្រធានបទមួយនិយាយអំពី «គោលការណ៍ផ្ទេរអំណាចដោយសន្ដិវិធី» ខណៈលោកថាទាំងអ្នកវិភាគបញ្ហាសង្គម និងនយោបាយ រួមទាំងមជ្ឈដ្ឋានទូទៅមិនហ៊ានដេញដោលបញ្ហានេះនៅក្នុងប្រទេសកម្ពុជាទេ។

លោក សម រង្ស៊ី អះអាងថា «បញ្ហាដែលអាចនឹងចោទឡើងនៅឆ្នាំ ២០១៨ បើគណបក្សប្រជាជនកម្ពុជាមិនព្រមទទួលស្គាល់ថា ខ្លួនបានចាញ់ឆ្នោត ហើយចង់នៅក្រាញអំណាចដោយប្រើអំពើហិង្សាក្នុងគោលបំណងកម្ចាត់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សឈ្នះឆ្នោត»

លោកបានព្យាយាមពន្យល់ថា ពេលគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច គណបក្សលោកនឹងអំពាវនាវឲ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិពិតប្រាកដ ដោយលោកសន្យាថានឹងលុបបំបាត់ចោលទាំងស្រុងនូវវប្បធម៌ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី“។

ប្រធានគណបក្សប្រឆាំងរូបនេះសង្កត់ធ្ងន់ថា បំណងរបស់លោកនៅក្រោយការបោះឆ្នោតជាតិនៅថ្ងៃ២៨ កក្កដា ឆ្នាំ២០១៨ ខាងមុខ គឺធានាឲ្យមានការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដោយថាលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចគោលបំណងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ