តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលដី​កាយុវជន​បដិវត្តន៍ពណ៌​ទៅ​ចុង​ខែនេះ

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

តុលាការ​កំពូល​សម្រេច​លើក​ពេល​ប្រកាស​សាលដី​កាយុវជន​ គង់ រ៉ៃយ៉ា​ ទៅ​ចុង​ខែ​ធ្នូ​នេះ បន្ទាប់ពី​បាន​ស្តាប់​សវនាការ​នៅព្រឹក​នេះ ពាក់​ព័ន្ធ​សំណុំ​រឿង​​ញុះ​ញង់​​​បង្ក​បទ​ឧក្រិដ្ឋជាអាថ៌ ដោយ​សារ​ការ​បង្ហោះ​សារលើ​ហ្វេស​ប៊ុក​​ពី​បដិវត្តន៍ពណ៌។

កាលពី​ថ្ងៃ​ទី១៥ មីនា ឆ្នាំ​២០១៦ តុលាការ​រាជធានីភ្នំពេញបាន​កាត់ទោស​យុវជន​ ​ឈ្មោះ គង់ រ៉ៃយ៉ា ដែល​រងការចោ​ទប្រកាន់ពី​បទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល ឲ្យ​ជាប់ពន្ធនាគារ​១ឆ្នាំ​៦ខែ ក្រោយពី​រងការ​ចោទ​ប្រកាន់​ទាំង​នេះ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​ជា​បន្តបន្ទាប់ទៅ​តុលាការ​ជាន់​ខ្ពស់​។

បន្ទាប់​ពី​បើក​សវនាការ​នៅព្រឹក​នេះ ​តុលាការ​កំពូល​បាន​សម្រេច​លើក​ពេល​ប្រកាសសាល​ដី​កាលើ​សំណុំ​រឿង​លោក​ គង់ រ៉ៃ​យ៉ា​ ទៅ​ថ្ងៃ​ទី​២៩ ធ្នូ​ ចុង​ខែ​នេះ។

ក្នុង​សាលសវនាការ​របស់​តុលាការ​កំពូល​នៅព្រឹក​នេះយុវជន​ គង់ រ៉ៃយ៉ា បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​សរសេរដូច​អ្វី​ដែល​បាន​ចោទ​ប្រកាន់​មែន​ តែលោក​ថាលោក​មិន​សុខចិត្ត​ទៅ​នឹងសេច​ក្តី​សម្រេច​របស់​សាលា​ដំបូង​ដែលបាន​ផ្តន្ទាទោសលោក​ ​ដោយគ្រាន់តែ​ការ​បង្ហោះ​សារនៅ​លើ​ហ្វេស​ប៊ុក​តាមតែ​មានកំហឹង​មួយ​ឆាវ​ ហើយថា​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​សង្គម​ដែល​នាំ​ឲ្យ​មាន​ការ​​ប្រមូល​​ផ្តុំ​ធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល​នោះ​​ទេ។

មេធាវីការ​ពារ​ក្តី​ឲ្យ​លោក ​គង់ ​រ៉ៃយ៉ា បានថ្លែង​ក្នុង​សវនាការ​​ថា អ្វី​ដែលកូនក្តីលោក​បាន​សរសេរ​នៅ​ក្នុង​ហ្វេស​ប៊ុក​នោះ​ គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ដែល​បាន​ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។ លោកថា​ភស្ភុតាង​ដែល​បាន​​ដាក់​បន្ទុកលើ​កូន​ក្តី​ខ្លួន​​ គឺមា​ន​ការ​វិមតិ​សង្ស័យ​ច្រើននិងការ​យល់​ពី​អត្ថន័យ​នៃ​បដិវត្តន៍ពណ៌​រវាង គង់ រ៉ៃយ៉ា និង​រដ្ឋាភិបាល​គឺ​ខុស​គ្នា។

នៅពេលចេញពី​បន្ទប់​សវនាការ​ដោយ​ដៃ​ជាប់​ខ្នោះ​យុវជន​ គង់​ រ៉ៃ​យ៉ា ស្រែកថា​លោក​មិន​មាន​ជំនឿថា​តុលាការកម្ពុជា​​នឹង​សម្រេច​ឲ្យ​លោក​រួច​ទោស​នោះ​ទេ។

លោក​ថា៖ «អ្នក​ដែលមានមតិ​ដែល​​ប្រឆាំង​នឹង​រដ្ឋាភិបាល គឺសូម្បីតែ​មួយ​ថ្ងៃ​ មួយ​ម៉ោង​ មួយ​នាទី ក៏គេ​មិ​ន​ទុក​ឲ្យ​បាន​សុខ​ដែរ»។

ទាំង​មេធាវី​និងកូនក្តី បាន​ស្នើ​សុំ​ដល់​តុលាការកំពូល​ពិចារណា​ដោះ​លែងលោក​ គង់ រ៉ៃ​យ៉ា ក៏ព្រោះ​តែ​ក្នុង​ការអនុវត្ត​ទោស​នេះធ្វើ​ឲ្យ ​គង់ រ៉ៃ​យ៉ា​ ខាតពេល​សិក្សា​និង​មិន​អាច​ជួយការងារ​សង្គម។

យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​នៃ​សាកលវិទ្យាល័យខេមរៈ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​​មាន​​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​ លោក​ត្រូវ​បាន​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ដាក់​ពន្ធ​នាគារ១ឆ្នាំ​៦​ខែ ពី​បទញុះញង់ឲ្យ​មានបដិវត្តន៍​ពណ៌ប្រឆាំងរដ្ឋាភិបាល។ រហូត​មក​ដល់​ពេល​នេះ​លោក​ត្រូវ​បានអនុវត្តន៍​ទោស​បា​ន​១ឆ្នាំ​​៤ខែ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ