ក្រុមសាសនិកឥស្លាម បាននាំគ្នាផ្តួលរំលំរបងសង្កសី ដែលហ៊ុំព័ទ្ធការដ្ឋានផ្លូវមួយខ្សែនៅជិតវិហារឥស្លាមតំបន់បឹងកក់ ដោយប្រឆាំងការស្ថាបនាផ្លូវពុះកាត់ដីវិហាររបស់ខ្លួន។
បន្ទាប់ពីបានចូលគោរពថ្វាយបង្គំព្រះអាល់ឡាស់រួច នៅថ្ងៃត្រង់នេះ លរដ្ឋខ្មែរឥស្លាមច្រើនរយនាក់ដែលជំទាស់នឹងការពុះចែកដីវិហារអ៊ិស្លាមបឹងកក់អាល់សាកាល់ បាននាំគ្នាមកវាយរំលំរបាំងស័ង្កសីដែលទ័ព្ធការដ្ឋាននោះ។
ពលរដ្ឋខ្មែរឥស្លាមអ្នកស្រី លី ហាលីហ្វាស់ និយាយថាអ្នកស្រីមិនគាំទ្រឲ្យមានការពុះកាត់ដីវិហាររបស់សាសនាឥស្លាមនេះទេ ក៏ព្រោះតែការធ្វើផ្លូវកៀកទៅនឹងវិហារនេះបានធ្វើឲ្យប៉ះពាល់ដល់ភាពស្ងប់ស្ងាត់នៃការគោរពសាសនាឥស្លាម។ អ្នកស្រីបន្តថាប្រសិនជានៅតែបន្តការសង់ផ្លូវនេះបន្តទៀតនោះនឹងមានការប៉ះទង្គិចគ្នាទៀត។
អ្នកស្រីថា៖ « នៅតែមានការប្រតាយប្រតប់គ្នាទៀត ខ្ញុំហ៊ានធានាអញ្ចឹងតែម្តង! ប្រជាជនខ្ញុំច្រើនណាស់សាសនាចាមខ្ញុំច្រើនណាស់ក្នុងស្រុកខ្មែរនេះ។ សម្តេចហ៊ុន សែន គាត់ដឹងហើយតើគាត់ធ្វើវិហារគ្រប់កន្លែងសូម្បីតែនៅកន្លែងតារាងកប៉ាលហោះក៏គាត់ធ្វើវិហារទុកឲ្យថ្វាយបង្គំដែរ គាត់គោរពណាស់ ម្លោះហើយសុំឲ្យជួយដោះស្រាយសំណូមពរឲ្យគាត់ជួយដោះស្រាយសំណូមពរដល់សម្តេចហ៊ុន សែន ធ្វើមិចកុំឲ្យសាលាក្រុងសម្រេចឲ្យមកធ្វើផ្លូវអញ្ចឹងទៀតកុំ! ទោះបីលក់ឲ្យក្រុមហ៊ុនណាក៏ដោយអត់អាចធ្វើមកកាត់វិហារទេនិយាយចឹងតែហ្មង » ។
សាសនិកខ្មែរឥស្លាមម្នាក់ទៀតកញ្ញា ឯល យ៉ាគីន ឲ្យដឹងថាសាសានិកឥស្លាមស្ទើតែទាំងអស់ដែលបានចូលមកថ្វាយបង្គំក្នុងវិហារបឹងកក់ គឺជំទាស់ទៅនឹងការពុះចែកដីវិហារនេះ ហើយការឡើងមកវាយរំលំរបងពុះចែកដីវិហារនេះ ត្រូវបានអ្នកដែលចូលទៅវាយរំលំប្រាប់កញ្ញាថាដោយសារតែសាលារាជធានីធ្វើរបងនេះគឺមិនបានប្រាប់ទៅដល់ពួកគេជាមុន។
កញ្ញាថា « ខ្ញុំមានតែការស្នើសុំ ប្រាប់ថាសុំរក្សាដីវិហារនៅដដែល ខ្ញុំឮសូរបងប្អូនមួយចំនួន ដែលខ្ញុំបានដើរនៅក្នុងសង្គម នៅផ្ទះខ្ញុំក៏ដូចជានៅទីនេះខ្ញុំឭសូរពួកគាត់និយាយគួរឲ្យខ្លោចផ្សាណាស់ ណាស់ណាថាទឹកចិត្តគាំទ្រ ទឹកចិត្តគាំទ្រមិនឲ្យពុះគាត់ៗសុខចិត្តស្លាប់ដើម្បីវិហារមួយនេះខ្ញុំសួរថាទឹកចិត្តនេះអ្នកណាមានទៀត សុំប្អូនឥស្លាមរួមគ្នាសាមគ្គីបើសិនជាយើងសាមគ្គីគ្នាក៏គ្មាននរណាមកពុះដែរ » ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្កី មានប្រសាសន៍ថាមុននឹងសាលារាជធានីចាប់ផ្តើមសាងសង់ផ្លូវនេះគឺមានការជួបប្រជុំជាមួយតំណាងឥស្លាមរួចហើយ។ លោកបន្តថាបញ្ហានេះសាលារាជធានីនឹងបន្តកោះប្រជុំភាគីពាក់ព័ន្ធមកពិភាក្សារកដំណោះស្រាយបន្តទៀត។
គម្រោងធ្វើផ្លូវឆ្លងកាត់វិហារនៅបឹងកក់នេះជាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គម្រោងនេះបង្កឲ្យមានបញ្ហាចម្រូងចម្រាស់ជាច្រើន ហើយត្រូវបានសាលារាជធានីទើបតែធ្វើការវាស់វែងបោះបង្គោល និងរបាំងស័ង្គសីកាលដើមសប្តាហ៍នេះ។
អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ដោយថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់ផ្លូវកាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡាស់។
គួរបញ្ជាក់ថាវិហារអាល់សារកាល់ភ្នំពេញដែលមានតម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដគោរពសាសនា៕