នៅឯប្រទេសអ៊ីតាលី ប៉ូលិសបាននិយាយថា ខ្លួនបានបាញ់សម្លាប់ជនដ៏សំខាន់ម្នាក់ ដែលត្រូវបានគេសង្ស័យថាជាអ្នកវាយប្រហារទៅលើផ្សារគ្រីស្មាស់ នៅទីក្រុងប៊ែរឡាំង ដែលនាំទៅរកការបិទបញ្ចប់ប្រតិបត្តិការស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលអឺរ៉ុបត្រូវការចាប់ខ្លួនបំផុត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បន្តថា ប៉ុន្តែខណៈដែលអធិការបតីអាល្លឺម៉ង់ អ្នកស្រី Angela Merkel បានបង្ហាញអារម្មណ៍ធូរស្រាលថា ជនសង្ស័យ អាណីស អាំរី លែងបង្កការគំរាមកំហែងទៀតនោះ អ្នកស្រីបានសន្យាវិភាគឲ្យបានលម្អិតល្អន់ទៅលើរបៀបដែលជនសង្ស័យរូបនេះបានគេចផុតពីសមត្ថកិច្ចអាល្លឺម៉ង់។
ជនសង្ស័យ អាំរី ជាជនជាតិទុយណេស៊ី អាយុ ២៤ឆ្នាំ។ គេជឿថា ជនសង្ស័យរូបនេះបានប្លន់រថយន្តធុនធំមួយគ្រឿង ហើយប្រើប្រាស់វាដើម្បីបំបុកមនុស្សនៅឯផ្សារមួយកាលពីថ្ងៃចន្ទកន្លងមក ដែលបានសម្លាប់មនុស្ស ១២នាក់ និងបង្កឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស៕








