ប្រជាជាពលរដ្ឋជិត១០០នាក់ នៅព្រឹកថ្ងៃសៅរនេះ បាននាំគ្នាប្រមូលផ្ដុំនៅខាងមុខតុលាការខេត្ដបន្ទាយមានជ័យ ដើម្បីទាមទារឲ្យតុលាការខេត្ដនេះ ផ្ដល់យុត្ដិធម៌ដល់សកម្មជនគណបក្សប្រឆាំង លោក ម៉ង់ ពុទ្ធី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយការចោទថាបានបើករថយន្តបុកមន្ត្រីនគរបាលនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ លោក ម៉ង់ ពុទ្ធី ទៅកាន់តុលាការ ដោយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ខណៈនគរបាលព្រំដែនម្នាក់ដួលនៅមុខរថយន្តរបស់មន្ត្រីបក្សប្រឆាំងរូបនោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ឲ្យវីអូឌីដឹងថា ប្រជាពលរដ្ឋទាំងនោះ ក្នុងនោះមានទាំងសាក្សីផង បានស្នើឲ្យតុលាការផ្ដល់យុត្ដិធម៌ដល់សមកម្មជនបក្សប្រឆាំងរូបនោះ ដោយថា រូបគាត់មិនមានកុំហុសដូចការចោទប្រកាន់នោះឡើយ។ លោកបន្ថែមថា សាក្សី និងភស្ដុតាងជារូបភាពវីដេអូបង្ហាញថា លោក ម៉ង់ ពុទ្ធី មិនបានបង្កគ្រោះថ្នាក់ដល់នគរបាលព្រំដែននោះឡើយ ខណៈដែលរថយន្ដនៅមួយកន្លែង។
លោកបន្ដថា៖ “អីចឹង យើងឃើញថា សមត្ថកិច្ចហាក់ដូចប្រញ៉ាប់ប្រញ៉ាល់ណាស់ សូម្បីទាក់ទងវីដេអូ និងសាក្សីចង្អុលបង្ហាញថា អ្នកនោះដួលខ្លួនឯងហើយ យើងឃើញថា គួរតែពិនិត្យមើល។ យើងសង្គមស៊ីវិលសូមបដិសេធទាំងស្រុង”។
ចៅសង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់វីអូឌីកាលពីថ្ងៃសុក្រថា លោក ម៉ង់ ពុទ្ធី មិនបានជិះឡានបុកលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះឡើយ។ លោកថា ជម្លោះនេះកើតឡើងដោយសារអាជ្ញាធរនៅទីនោះ មានគំនុំជាមួយ លោក ម៉ង់ ពុទ្ធី ខណៈដែលលោកធ្លាប់ជួយដោះស្រាយបញ្ហាឲ្យពលរដ្ឋដែលត្រូវបានអាជ្ញាធរចាប់យកម៉ូតូនៅពេលប្រជាពលរដ្ឋមិនបានបង់លុយឲ្យមន្ត្រីប៉ូលីសរូបនោះ។
VOD មិនទាន់អាចទាក់ទងព្រះរាជអាជ្ញាខេត្ដបន្ទាយមានជ័យ លោក មាស ចាន់ពិសិដ្ឋ ដើម្បីស្នើសុំការបកស្រាយបាននៅឡើយទេ៕