នគរបាល​ប្រាប់​ថា ជនសង្ស័យ​ផលិត​ឯកសារ​ពន្ធ​ក្លែង​ក្លាយ​កំពុង​ស្ថិត​ក្រោម​ការសាក​សួរ

មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​អំឡុង​ពេល​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ផលិត​ឯកសារ​ពន្ធ​ក្លែង​ក្លាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​​របស់​មន្ត្រី​នគរបាល​ខណ្ឌ។

អធិការ​នគរបាល​ខណ្ឌ​ដង្កោ លោក ជឹម ស៊ីថា បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​បាន​រក​ឃើញ​​សម្ភារៈ ១៦​មុខ និង​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ នៅ​អំឡុង​ពេល​ឆែក​ឆេរ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក​បន្ថែម​ថា ជន​សង្ស័យ​ឈ្មោះ ហួត ចិន អាយុ​២១​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​មន្ត្រី​នគរបាល​ខណ្ឌ​របស់​លោក​នៅ​ឡើយ។

មន្ត្រី​នគរបាល​រូប​នេះ បន្ត​ថា បើតាមការសាកសួរនេះ ជនសង្ស័យបានបន្លំឯកសារទាំងនោះជាង ៧ខែរួចមកហើយ និង​មានបក្ស​ពួក​ជាច្រើន​នាក់​ទៀត​ចូលរួមរកស៊ីបន្លំឯកសារនោះ ប៉ុន្តែ​ លោក​ថា ជនសង្ស័យខាងលើនេះ គ្រាន់តែជាអ្នកយកឯកសារទាំងនោះទៅឱ្យអតិថិជនប៉ុណ្ណោះ។

លោកបញ្ជាក់​ថា ជនសង្ស័យអាចជាប់ចោទពីប​ទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែងក្លាយ។

ប្រធានការិយាល័យពន្ធគយខណ្ឌដង្កោ លោក ធៀម ថា បានឱ្យដឹងថា លោកមិនទាន់អាចសរុបសម្ភារៈផលិតឯកសារពន្ធក្លែងក្លាយ​ដែលសមត្ថកិច្ច​រឹប​អូស​បាន​​កាល​ថ្ងៃ​ម្សិលម៉ិញបាននៅឡើយទេ។

លោកថា អត់ទាន់ដឹងទេ គ្រាន់តែថា របស់តែវាផលិតក្លែងក្លាយចឹង វាចេះតែថា លក់តម្លៃនេះ តម្លៃនោះស្រេចតែលើមាត់ ដូចលើពន្ធផ្លូវយើង ៨០ម៉ឺន ១លាន ២លានអី វាយកមកលក់ ៥០ដុល្លា ២០ដុល្លា ១០ដុល្លាអីចឹង អានឹងក្លែងឯកសារសាធារណៈ បទល្មើសព្រហ្មទណ្ឌ បទ​ល្មើស​ជាប់ពី ៥ ទៅ ១០ឆ្នាំ ដែលគេហៅថា បទល្មើសបំផ្លាញប្រយោជន៍ជាតិ”។

លោកបញ្ជាក់ថា ក្រុមក្លែងបន្លំឯកសារទាំងនោះមាន​ច្រើននាក់ ប៉ុន្តែ បាន​រត់​គេច​ខ្លួន​អស់ នៅ​មុន​សមត្ថកិច្ច​ចុះ​ទៅ​ដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ