ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងអំពាវនាវឲ្យនាយករដ្ឋមន្រ្តីជួយ ខណៈជម្លោះអួសបន្លាយជាង១០ឆ្នាំ

ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុង (ឃុត សុគន្ធ)

ពលរដ្ឋមានជម្លោះដីធ្លីមួយចំនួននៅខេត្តកោះកុងអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ ខណៈជម្លោះនោះបានអូសបន្លាយជាង១០ឆ្នាំមកហើយ អាជ្ញាធរមិនទាន់មានដំណោះស្រាយ។

ក្នុងសន្និសីទសាព័ត៌មាននៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៦នេះនៅភ្នំពេញ ពួកគេបានឈរលើកបដានិងស្រែកសុំឲ្យ លោកនាយករដ្ឋមន្រ្តីជម្រុញទៅអាជ្ញាធរថ្នាក់ក្រោយពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញ៉ឺង និយាយថា ពលរដ្ឋនៅខេត្តកោះកុងក្នុងស្រុកស្រែអំបិលនិងស្រុកស្រុកបុទមសាគរជិត២០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន របស់លោក ហេង ហ៊ុយ តាំងឆ្នាំ២០០៦មកម្លេះ ដោយមិនមានដំណោះស្រាយនៅឡើយទេ។

អ្នកស្រីបន្តថា ការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ ដោយបាត់បង់មុខរបរ គ្មានដីធ្វើស្រែចំការ កូនៗបាត់បង់ការសិក្សា និងពលរដ្ឋខ្លះត្រូវចំណាកស្រុកជាដើម។

អ្នកស្រីបន្ថែមថា៖ “ចង់បានដីនិងផ្ទះខ្ញុំមកវិញ ព្រោះខ្ញុំចង់នៅដូចគេដូចឯងដែរឲ្យតែបានដំណោះស្រាយ ពួកខ្ញុំនឹងទៅវិញហើយ មិននៅទីនេះទេ ពួកខ្ញុំលំបាកណាស់ ពួកយើងគ្មានអ្វីស៊ីនោះទេ ពួកយើងស៊ីបាយជាមួយតែទឹកស៊ីអ៊ីវរាល់ថ្ងៃ បើសិនយើងអត់មានបញ្ហាដីធ្លីពួកយើងអត់លំបាកដូចអញ្ចឹងទេ”។

ពលរដ្ឋម្នាក់លោក ប៉ុត ប្រុស ឲ្យដឹងថា អាជ្ញាធមូលដ្ឋានមិនត្រឹមតែមិនជួយដោះស្រាយប៉ុណ្ណោះទេ ថែមទាំងចោទពួកគាត់ថា អ្នកប្រឆាំងទៀតនៅពេលដែលពលរដ្ឋដើរតវ៉ា។ លោកស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវមានវិធានការលើអាជ្ញាធរថ្នាក់ក្រោមទាំងនោះ និងជម្រុញឲ្យមន្រ្តីទាំងនោះចុះដោះស្រាយដើម្បីបញ្ជប់ជម្លោះដីធ្លីនេះ។

លោកបន្ថែមថា៖ “អាជ្ញាធរថ្នាក់ក្រោមគេថាយើងពួកប្រឆាំង អញ្ចឹងអ្នកនៅថ្នាក់លើប្រហែលគាត់ទទួលព័ត៌មានថា ពួកយើងប្រឆាំងហើយបានជាគេមិនព្រមជួយដោះស្រាយពួកយើង ដោយរុញច្រានពួកយើង អញ្ចឹង ពួកខ្ញុំមកនេះមិនចង់បានអ្វីនោះទេ មិនចង់អំណាចទេ អ្វីដែលពួកខ្ញុំចង់បាន គឺដីរបស់ខ្ញុំមកវិញតែប៉ុណ្ណោះដែលក្រុមហ៊ុនឈួសឆាយយក”។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែន លោក ទេព ធន បាននៅទ្បើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប្រជាពលរដ្ឋមកពីខេត្តកោះកុងប្រមាណជាង១០០នាក់ បាននាំគ្នាឡើងមកភ្នំពេញស្នាក់នៅវត្តសមគ្គីរង្សីរយៈពេលមួយសប្តាហ៍ហើយដើម្បីតវ៉ាជម្រុញឲ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយជម្លោះដីធ្លីជូនពួកគេ។

ក្រុមពលរដ្ឋអះអាងថា ប្រសិនមិនការឆ្លើយតបណាមួយពីក្រសួងរៀបដែនដីនិងក្រសួងកសិកម្មទេ ពួកគេនឹងនាំគ្នាទៅផ្ទះលោកនាយករដ្ឋមន្រ្តីពេលឆាប់ៗខាងមុខនេះ។

កាលពីខែសីហា ឆ្នាំ២០១៦ ពលរដ្ឋកោះកុងទាំងនេះបាននាំគ្នាមកផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចម្តងមកហើយ ប៉ុន្តែត្រូវអាជ្ញាធរខណ្ឌមានជ័យរារាំងនិងបានប៉ះទង្គិចគ្នា បណ្តាលឲ្យពលរដ្ឋមួយចំនួនរងរបួសស្រាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ