អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា សហភាពអឺរ៉ុបមិនបានលើកឡើងអំពីបញ្ហាមន្ដ្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំឃាំងនោះទេ ខណៈពួកគេជាប់ពន្ធនាគារអស់រយៈពេលជាង៧ខែមកហើយ។
នៅក្រោយជំនួបរវាងរដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន និង លោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប នៅព្រឹកថ្ងៃអង្គារនេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថាតំណាងសហភាពអឺរ៉ុបមិនបានលើកយកបញ្ហាមន្ដ្រីការពារសិទ្ធិមនុស្សមកពិភាក្សាឡើយ។
ប៉ុន្ដែលោកបន្ដថា នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាក់ សុខុន បានថ្លែងទៅកាន់តំណាងសហភាពអឺរ៉ុបអំពីការវិវដ្ដចុងក្រោយនៃស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយមានការលើកលែងទោសលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយលោកថា សហភាពអឺរ៉ុបឈរលើគោលជំហរអព្យាក្រឹត មិនប្រកាន់បក្សនយោបាយឡើយ។
លោកមានប្រសាសន៍ថា៖ «អត់ អត់ អត់មានទេ បើនិយាយពីរឿងបញ្ហាហ្នឹង EU គេបានបញ្ជាក់យ៉ាងច្បាស់ថា EU គោរពអ្វីដែលជាកិច្ចការផ្ទៃក្នុងកម្ពុជា ហើយ EU គេមានការរីករាយចំពោះការវិវដ្ដចុងក្រោយនេះនៅកម្ពុជា […] ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការលើកលែងទោសចំពោះឯកឧត្តម កឹម សុខា […] ហើយបន្ទាប់ពីការលើកលែងទោសរបស់ឯកឧត្តម កឹម សុខា ក៏មានការវិលត្រឡប់ ការចូលរួម ការវិលត្រឡប់របស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំរបស់សភាជាតិ»។
មន្ដ្រីនាំពាក្យរូបនេះបន្ថែមថា ការដោះលែងមន្ដ្រីការពារសិទ្ធិមនុស្ស គឺអាស្រ័យលើគណបក្សធំទាំងពីរជាអ្នកចរចា និងព្រមព្រៀងគ្នា នាពេលខាងមុខ។
លោកថា៖ «លទ្ធភាពដែលអាចមានការជួបគ្នាពេលអនាគត អាហ្នឹង ស្រេចនៅលើគណបក្សនៅកម្ពុជា។ EU គេមិនលូកចូលកិច្ចការរបស់កម្ពុជាទេ ហើយគេបានបញ្ជាក់ច្បាស់គេ មិន take side គណបក្សណាមួយឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦ តុលាការកំពូលបានប្រកាសសាលដីកាលើសំណុំរឿងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលបន្ថែមស្វែងរកភស្ភុតាងដាក់បន្ទុក។
បន្ទាប់ពីមានការលើកលែងទោសលោក កឹម សុខា ប្រមុខគណបក្សទាំងពីរនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីដោះស្រាយបញ្ហានៅសេសសល់នេះឡើយ៕









