សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ថា ពួក​បះបោរ​គ្រោងវាយប្រហារ​ប៉ូលិស​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី

អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី បាន​ឲ្យ​ថា ពួក​បះបោរ​ឥណ្ឌូនេស៊ី​គាំ​ទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម មាន​ផែនការ​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស នៅ​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ដោយ​ប្រើ​កាំបិត និង​ផ្កាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ផែនការ​វាយ​ប្រហារ​នេះ ត្រូវ​សមត្ថកិច្ច​បំបែក​បាន បន្ទាប់​ពី​ប៉ូលិស​ចាប់​ខ្លួន​ជន​ប្រុង​វាយ​ប្រហារ ២​នាក់ ដែល​បាន​នាំ​ប៉ូលិស​ទៅ​ដល់​កន្លែង​លាក់​ខ្លួ​ន​របស់​ពួកគេ ជា​ទីដែល​ប៉ូលិស​ កាល​ពី​ថ្ងៃ​កន្លង​មក​នេះ បាន​បាញ់​សម្លាប់​មនុស្ស ២​នាក់​ទៀត ដែល​ជា​ជន​សម​គំនិត​ក្នុង​ផែនការ​វាយ​ប្រហារ​នេះ ដោយ​ប៉ូលិស​និយាយ​ថា ជន​សម​គំនិត​ទាំង​នោះ ព្យាយាម​វាយ​កាប់​ប្រហារ​ទៅ​លើ​មន្ត្រី​សមត្ថកិច្ច។

ការ​ឆ្មក់​ចូល​បង្ក្រាប​កាល​ពី​ថ្ងៃ​​អាទិត្យ​កន្លង​មក គឺ​ជា​ការ​បង្ក្រាប​ថ្មី​បំផុត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដែល​ប៉ូលិស​និយាយ​ថា បាន​កាត់​ផ្ដាច់​ផែនការ​វាយ​ប្រហារ ប៉ុន្តែ បាន​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​កំណើន​ជន​បះបោរ​នៅ​ក្នុង​ប្រទេស​នេះ ដែល​មាន​ជន​មូស្លីម​ច្រើន​ជាង​បំផុត​នៅ​លើ​ពិភព​លោក។

ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់ ត្រូវ​បាន​គេ​សួរ​ចម្លើយ​ជុំ​វិញ​ផែនការ​ដាក់​គ្រាប់​បែក​អត្តឃាត​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​ហ្សាកាតា និង​នៅ​តាម​ទីតាំង​ដទៃ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ