មេដឹកនាំ​ជប៉ុន​គោរព​អ្នក​ស្លាប់​នៅ​កោះ​ហាវៃ​មុន​ចាប់​ផ្ដើម​ទស្សនកិច្ច​ផ្លូវការ

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ (Reuters)

នៅ​ថ្ងៃ​នេះ នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​តាម​ស្តូប​អនុស្សាវរីយ៍​ជាច្រើន​កន្លែង​នៅ​កោះ​ហាវៃ ពោល​គឺ​មួយ​ថ្ងៃ​មុន​នឹង​លោក​ទៅ​ទស្សនា​ទីតាំង​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​កំពង់ផែ Pearl នៅ​ឆ្នាំ​១៩៤១ អំឡុង​ដំណើរ​មួយ​ក្នុង​បំណង​បង្ហាញ​សម្ព័ន្ធភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក អាបេរ មិន​បាន​ថ្លែង​សារ​អ្វី​នោះ​ឡើយ ហើយ​បាន​ឈរ​ដោយ​ស្ងៀម​ស្ងាត់​នៅ​មុខ​កម្រង​ផ្កា នៅ​ឯ​ទីស្មសានជាតិ​ប៉ាស៊ីហ្វិក ជា​ទី​ដែល​បញ្ចុះ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​បាន​ស្លាប់​អំឡុង​បម្រើ​ការងារ​ក្នុង​កងទ័ព​អាមេរិក។

លោក អាបេ រួម​ជាមួយ​សមាជិក​គណៈរដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក បាន​ឱន​ក្បាល​គោរព​នៅ​ចំពោះ​មុខ​កម្រង​ផ្កា និង​បាន​លុត​ជង្គង់​នៅ​មុខ​ផ្ទាំង​សិលា​ម៉ាលីគី នៅ​ទីក្រុង​ហូណូលូលូ ដើម្បី​ឧទ្ទិស​ដល់​ពលរដ្ឋ​ជប៉ុន​ដែល​បាន​រស់​នៅ​លើ​កោះ​ហាវៃ នៅ​ក្នុង​សតវត្សរ៍​ទី ១៩។

ទោះជាយ៉ាងណា លោក អាបេ មិន​មាន​គម្រោង​ថ្លែង​សុំ​ទោស​ចំពោះ​ការ​ទម្លាក់​គ្រាប់​ដោយ​កង​ទ័ព​ជប៉ុន​នៅ​ឆ្នាំ​១៩៤១​នោះ​ឡើយ ប៉ុន្តែ លោក​នឹង​ថ្លែង​សារ​សម្ដែង​ការលួង​លោម​ព្រលឹង​អ្នក​ស្លាប់​នៅ​ក្នុង​សង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ