ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃនេះ បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយថា លោកនឹងទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកភាគច្រើនបំផុត ប្រសិនបើលោកអាចឈរឈ្មោះប្រជែងនឹងលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិទី ៣។ នេះដោយយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណែកលោក ត្រាំ វិញ បានតបទៅលោក អូបាម៉ា វិញតាមរយៈការបង្ហោះសារលើ Twitter ថា “គ្មានផ្លូវទេ!” ដោយលោក ត្រាំ បានលើកឡើងពីក្រុមហ៊ុនអាមេរិកនាំយកការងារទៅក្រៅប្រទេស ការប្រយុទ្ធប្រឆាំងនឹងពួកបះបោរឥស្លាម និងច្បាប់ថែទាំសុខភាពរបស់លោក អូបាម៉ា។
ដោយសាររដ្ឋធម្មនុញ្ញអាមេរិកបានហាមឃាត់មិនឲ្យបុគ្គលម្នាក់ឈរឈ្មោះលើសពី ២អាណត្តិនោះ លោក អូបាម៉ា បានប្រាប់ទៅលោក David Axelrod អតីតទីប្រឹក្សារបស់លោក ថា ពលរដ្ឋអាមេរិកនឹងគាំទ្រទស្សនវិស័យរបស់លោក អូបាម៉ា។
ទោះជាយ៉ាងណា មហាសេដ្ឋីអចលនទ្រព្យ លោក ត្រាំ នឹងចូលកាន់តំណែងជាផ្លូវការ នៅពេលលើឡើងបន្តពីលោក អូបាម៉ា នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ បន្ទាប់ពីលោកបានផ្ដួលអ្នកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងមក៕