អ្នកវិភាគនិងអង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញការយល់ឃើញថា សារគំរាមឆ្លើយឆ្លង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ពីការជំរុញឲ្យផ្ទេរអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ថាជាសារបង្កឲ្យមានការធុញទ្រាន់និងខកចិត្តពីម្ចាស់ឆ្នោត។
កាលពីសប្តាហ៍មុន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានផ្ញើសារថា ក្រោយបោះឆ្នោតឆ្នាំ២០១៨ បើគណបក្សលោកឈ្នះការបោះឆ្នោត នឹងមានលទ្ធភាពបង្ខំឲ្យគណបក្សប្រជាជនកម្ពុជាប្រគល់អំណាចដោយសន្តិវិធី។
ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានតបវិញថា៖ «កុំទាន់អាលសង្ឃឹមនិងគំរាម បើ ហ៊ុន សែន នៅឈរនៅទីនេះ»។
នេះជាការព្រមានទៅលោក សម រង្ស៊ី វិញបន្ទាប់ពីលោក ហ៊ុន សែន ធ្លាប់បានព្រមានថានឹងមានសង្រ្គាម បើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា សារគំរាមគ្នាទៅវិញទៅមករបស់មេដឹកនាំនយោបាយទាំងពីរនេះ គ្រាន់តែជាការរំខានអារម្មណ៍ម្ចាស់ឆ្នោតប៉ុណ្ណោះ។ ប៉ុន្តែលោកថា មិនធ្វើឲ្យពួកភ័យខ្លាចរហូតមិនហ៊ានទៅបោះឆ្នោតនោះទេ។
បើតាមលោក គល់ បញ្ញា អ្វីដែលអ្នកនយោបាយទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះ លោកថាជាសារនយោបាយដោះស្រាយបញ្ហាដែលពលរដ្ឋកំពុងជួបការលំបាក។
លោកថា៖ «ដំណាក់កាលឥឡូវ ប្រើយុទ្ធសាស្ត្រដដែល អាចមិនមានឥទ្ធិពលទៅលើអ្នកបោះឆ្នោតច្រើនទេ គួរតែផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យមានភាពវិជ្ជមានច្រើន ជាជាងធ្វើឲ្យពលរដ្ឋថប់អារម្មណ៍។ ធ្វើម៉េចឲ្យពលរដ្ឋមើលទៅឃើញភាពវិជ្ជមាននៃការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំរបស់អ្នកនយោបាយដែលបានចូលរួមប្រកួតប្រជែង»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ លើកឡើងថា សារគំរាមឆ្លើយឆ្លងនេះបានបង្កការភ័យខ្លាចដល់អ្នកវិនិយោគនិងបង្កឲ្យមានការខកចិត្តដល់ប្រជាពលរដ្ឋ ខណៈការបោះឆ្នោតជិតមកដល់។
លោក គឹម សុខ វិភាគថាគណបក្សប្រឆាំងពេលនេះមិនគួរប្រើសារគំរាមដូចដែលគណបក្សកាន់អំណាចធ្លាប់ធ្វើនោះទេ។ លោកថាបក្សប្រឆាំងត្រូវពង្រឹងផ្ទៃក្នុង ផ្ញើសារទន់ភ្លន់ទៅកាន់ដៃគូ គួបផ្សំនឹងយុទ្ធសាស្ត្រនយោបាយជាក់លាក់ ចុះជួបពលរដ្ឋ បង្ហាញពីគោលនយោបាយដោះស្រាយរាល់បញ្ហាដែលពលរដ្ឋកំពុងជួបប្រទះ។
បើតាមលោក គឹម សុខ វិភាគទៀតថា ធ្វើដូចនេះបាន ទើបអាចដណ្តើមយកអាសនៈឃុំ-សង្កាត់បានច្រើន ឈានទៅគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា នោះទើបអាចជំរុញឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។
លោកថា៖ «រឿងសំខាន់ គណបក្សកាន់អំណាច គេច្បាស់ជាចង់បានរូបភាពសន្តិភាពមួយ។ ប៉ុន្តែមិនមែនជាសន្តិភាពស្ថិតក្នុងក្របខណ្ឌនីតិរដ្ឋទេ។ មិនមែនជាសន្តិភាពស្ថិតក្នុងក្រមខណ្ឌប្រជាធិបតេយ្យ សេរីគោរពច្បាប់ត្រឹមត្រូវទេ។ ជាសន្តិភាពដែលស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែគេអាចបត់បង្វែរស្ថានការណ៍នយោបាយនៅកម្ពុជាបាន។ អាហ្នឹងគេចង់បានធំណាស់ សម្រាប់គណបក្សកាន់អំណាច»។
ប៉ុន្តែលោកបន្តថា សម្រាប់គណបក្សប្រឆាំងវិញគឺត្រូវការសន្តិភាពនិងនីតិរដ្ឋពិតប្រាកដ ដើម្បីធ្វើការប្រកួតប្រជែងបែបប្រជាធិបតេយ្យ។ តែលោកថាបក្សប្រឆាំងបច្ចុប្បន្នរងគ្រោះធ្ងន់ជាងបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា៖ «ការងារដែលធ្ងន់ធ្ងរបំផុតរបស់គណបក្សប្រឆាំង គឺទី១ត្រូវគ្រប់គ្រងឲ្យបាននូវការបែកបាក់គ្នា ក្នុងផ្ទៃក្នុងគណបក្ស។ ហើយខ្លឹមសារទីពីរ ត្រូវរៀបចំយុទ្ធសាស្រ្តនយោបាយរបៀបម៉េច ដើម្បីបញ្ជូនព័ត៌មាននិងសារនយោបាយរបស់ខ្លួនដោយសន្តិវិធីបំផុត មិនប្រើភាសាហិង្សាណាមួយទៅដល់សកម្មជន ប៉ុន្តែបង្ហាញពីភាពរឹងមាំរបស់ខ្លួននៅក្នុងការប៉ងប្រាថ្នារបស់ខ្លួនទៅកាន់អំណាចនិងប្រទេសជាតិ»។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថា ច្រើនទសវត្សរ៍មកនេះ កម្ពុជាបានធ្លាក់ទៅក្នុងសោកនាដកម្មសង្គ្រាម ពលរដ្ឋរាប់សែននាក់ស្លាប់ដោយសារតែអ្នកនយោបាយក្រកាន់ជំហរតឹងយកចាញ់ឈ្នះតែរៀងៗខ្លួន។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនោះពន្យល់ថា បើអ្នកនយោបាយខ្មែរពេលនេះនៅតែមិនក្រឡេកមើលពីវិនាសកម្មពីអតីតកាលទេ លោកថាអ្នកដែលចំណេញពីកម្ពុជាគឺប្រទេសជិតខាង។
លោកថា៖ «យើងមើលប្រវត្តិសាស្ត្រណាស់មកពីអ្នកនយោបាយហ្នឹងគាត់អត់ទន់ភ្លន់ គាត់ចេះតែចង់ឈ្នះម្ខាងៗដាច់ពីគ្នា ដើម្បីមានឱកាសកម្ទេចគ្នាទៅវិញទៅមក ដូចជាពួកខាង លន់ នល់ ចង់ឈ្នះខាងខ្មែរក្រហម ខ្មែរក្រហមចង់ឈ្នះពួក លន់ នល់។ លទ្ធផលចុងក្រោយ អ្នកចាញ់ហ្នឹងត្រូវគេកម្ទេចត្រូវស្លាប់អីអញ្ចឹងទៅ ហើយអ្នកដែលខូចខាតមែនទែនហ្នឹងគឺប្រជាជនខ្មែរនិងប្រទេសជាតិរបស់យើង។ ហេតុដូច្នេះ អ្នកដឹកនាំមិនគួរនៅប្រកាន់នយោបាយបែបហ្នឹងទៀតទេ គួរតែទន់ភ្លន់បន្តិចទៅ ដល់ពេលយើងឈ្លោះគ្នាខ្លាំងពេក ប្រជាជនគាត់ព្រួយបារម្ភដែរ សម្រាប់ជោគវាសនាអនាគតរបស់ប្រទេសជាតិ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានអាសនៈក្នុងសភា៦៨ទល់នឹង៥៥។ បើគិតពីចំនួនពលរដ្ឋគឺគណបក្សកាន់អំណាចនិងបក្សប្រឆាំង មានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា។
បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ដើម្បីឲ្យកម្ពុជាគេចផុតពីសោកនាដកម្ម អ្នកនយោបាយត្រូវរួមគ្នាគោរពច្បាប់ ប្រកួតប្រជែងដោយស្មើភាព មិនយកគ្នាជាសត្រូវ និងពង្រឹងយន្តការប្រជាធិបតេយ្យតាមស្មារតីរដ្ឋធម្មនុញ្ញ៕