កោះតៃវ៉ាន់ នៅថ្ងៃនេះបានព្រមានថា “ការគំរាមកំហែងពីសត្រូវរបស់យើង កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ” ខណៈនាវាចម្បាំងចិនដែលនាំមុខដោយនាវាដឹកយន្តហោះនោះ បានបើកឆ្ពោះទៅរកកោះហៃណាន កាត់តាមសមុទ្រចិនខាងត្បូង នៅក្នុងសមយុទ្ធដែនសមុទ្រ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters សមយុទ្ធនេះបានកើតឡើងចំពេលដែលកើតមានភាពតានតឹងឡើងវិញជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាដែនដីរបស់ខ្លួន ហើយភាពតានតឹងនេះ បានកើតឡើងក្រោយពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ដែលធ្វើឲ្យចិនមិនសប្បាយចិត្តនោះឡើយ។
រដ្ឋមន្ត្រីការពារកោះតៃវ៉ាន់ លោក ហ្វឹង ហ្ស៊ិគួន បានថ្លែងនៅថ្ងៃនេះថា៖ “ការគំរាមកំហែងពីសត្រូវរបស់យើង កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងគួរតែរក្សាស្មារតីប្រុងប្រយុទ្ធរបស់យើងជានិច្ច”។
លោកបន្តថា៖ “យើងត្រូវតែពង្រឹងការហ្វឹកហ្វឺន (ទាហានរបស់យើង) ដើម្បីឲ្យពួកគេមិនត្រឹមតែមានជីវិតក្នុងសមរភូមិទេ ប៉ុន្តែ ក៏អាចកម្ទេចសត្រូវ និងសម្រេចបេសកកម្មបានផងដែរ”។
លោក ហ្វឹង បានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាមួយនៅឯព្រឹត្តិការណ៍ក្រសួងមួយ ដែលបង្ហាញពីការដំឡើងឋានន្តរស័ក្តិមន្ត្រីយោធាជាន់ខ្ពស់។
ក្រសួងការពារកោះតៃវ៉ាន់ បានបញ្ជាក់ថា នាវាចម្បាំងចិន បានបើកក្រវិលជុំកោះតៃវ៉ាន់ ឆ្លងកាត់ដែនសមុទ្រនៅចន្លោះកោះ Miyako និងកោះអូគីណាវ៉ា ហើយឆ្លងកាត់ច្រក Bashi ស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងហ្វីលីពីន។
ប៉ុន្តែ ចិនវិញបានផ្ដល់ព័ត៌មានលម្អិតតតិចតួចប៉ុណ្ណោះអំពីដំណើររបស់នាវាផ្ទុកយន្តហោះរបស់ខ្លួន ដែលស្ថិតនៅក្នុងសមយុទ្ធនោះ៕









