តម្រួត​ថៃ​លុប​ចោល​គម្រោង​ឆ្មក់​ចូល​ចាប់​ព្រះ​កាយ​ចៅ​អធិការ​វត្ត​រង​រឿង​អាស្រូវ

តម្រួត​ថៃ​នៅ​ថ្ងៃ​នេះ បាន​លុប​ចោល​ផែនការ​ចាប់​ព្រះ​កាយ​ព្រះ​សង្ឃមួយ​អង្គ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​លាង​លុយ បន្ទាប់​ពី​ពុទ្ធសាសនិក​ បាន​ដាក់​បារ៉ាស់​បាំង​ច្រក​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នោះ ដែល​ស្ថិត​នៅ​ជាយ​រាជ​ធានី​បាងកក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

វត្ត​ព្រះ​ធម្មកាយ បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ធំ​ ជា​ពិសេស​ពី​សំណាក់​ក្រុម​អ្នក​នយោបាយ​ធំៗ និង​ក្រុម​ពាណិជ្ជករ​ថៃ ប៉ុន្តែ ក្រុម​អ្នក​រិះគន់​និយាយ​ថា វត្ត​នោះ​បាន​កេង​ប្រវ័ញ្ច​ពុទ្ធ​សាសនិក​របស់​ខ្លួន និង​ប្រើ​ប្រាស់​សាសនា​ដើម្បី​រក​លុយ​កាក់។

អគ្គ​រាជ​អាជ្ញា​ថៃ បាន​និយាយ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​ថា ខ្លួន​នឹង​ចោទ​ប្រកាន់​ព្រះ​ចៅ​អធិការ​វត្ត​នេះ​ព្រះ​នាម ព្រះ​ធម្មជយោ និង​មនុស្ស ៤​នាក់​ទៀត ពី​បទ​សម​គំនិត​លាង​លុយ និង​ទទួល​ផល​ចោរ​កម្ម។

ជំនួយ​ការ​ព្រះ​សង្ឃ ធម្មជយោ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះ​អាង​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​ចរឹក​នយោបាយ។

តម្រួត​ថៃ​បាន​ព្យាយាម​ជាច្រើន​លើក​កាល​ពី​ពីរ​បី​ខែ​មុន ដើម្បី​សួរ​ចម្លើយ​ព្រះ​ចៅ​អធិការ​វត្ត​អង្គ​នេះ និង​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​វត្ត ប៉ុន្តែ មិន​បាន​សម្រេច​ជោគ​ជ័យ​នោះ​ឡើយ។

អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅ​ថ្ងៃ​នេះ ខ្លួន​បាន​ឃើញ​ព្រះ​សង្ឃ​ និង​ពុទ្ធ​សាសនិក​​រាប់​រយ​នាក់ នៅ​ក្នុង​វត្ត​នោះ ដែល​ស្ថិត​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ដនមឿង។ មនុស្ស​មួយ​ចំនួន បាន​ដាក់​បារ៉ាស់​បិទ​ច្រក​ចូល ខណៈ​អ្នក​ដទៃ​ទៀត​បាន​ពាក់​ម៉ាស់​មុខ និង​សូត្រ​ធម៌។

តម្រួត​បាន​ដក​ហូត​បារ៉ាស់​ដែក​ខ្លះ​នៅ​ខាង​ក្រៅ​វត្ត​នោះ ប៉ុន្តែ មក​ដល់​រសៀល​ថ្ងៃ​នេះ ពួកគេ​បាន​ដក​ថយ​ចេញ​ពី​ទីតាំង​នោះ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ