ធនាគារជាតិកម្ពុជា បាននិយាយថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦នេះ នៅតែរក្សាបានកំណើន ៧ភាគរយ ដោយសារកំណើននៃវិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
ក្នុងរបាយការណ៍ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០១៦ និងទស្សនវិស័យឆ្នាំ២០១៧ ធនាគារជាតិកម្ពុជា បានលើកឡើង សេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនគួរជាទីពេញចិត្តនៅឆ្នាំ២០១៦ ក្នុងអត្រាខ្ពស់ ៧ភាគរយ ដែលគាំទ្រដោយកំណើនរឹងមាំនៃការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង កំណើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ ខណៈដែលវិស័យកសិកម្មមានកំណើនបន្តិចឡើងវិញ។
តួលេខកំណើនសេដ្ឋកិច្ចកម្ពុជានេះ បានកើនឡើងដូចការរំពឹងទុករបស់រដ្ឋាភិបាលកម្ពុជា ដែលបានព្យាករថា សេដ្ឋកិច្ចប្រទេសនេះ នឹងមានកំណើនខ្ទង់ ៧ភាគរយនៅឆ្នាំ២០១៦នេះ ហើយកំណើននេះ ត្រូវបានរដ្ឋាភិបាលព្យាករថា នឹងរក្សាបានរហូតដល់ឆ្នាំ២០១៧ខាងមុខផងដែរ៕