សារព័ត៌មាន Channel News Asia បានផ្សាយថា ព្រលានយន្តឆាងអ៊ីរបស់ប្រទេសនេះ បានទទួលអ្នកដំណើរអន្តរជាតិដល់ទៅ ៤.៧៨លាននាក់ នៅក្នុងខែវិច្ឆិកាកន្លងមកនេះ ដោយបានកើនឡើង ៣.២ភាគរយ ធៀបទៅនឹងខែវិច្ឆិកាឆ្នាំមុន។
សារព័ត៌មាននេះ បានផ្សាយដូច្នេះដោយផ្អែកទៅតាមតួលេខដែលចេញផ្សាយដោយក្រុមហ៊ុន Changi Airport Group នៅថ្ងៃនេះ ដែលបាននិយាយថា កំណើនភ្ញៀវឆ្លងកាត់ព្រលានយន្តហោះនេះ ដោយសារតែកំណើនក្នុងតំបន់ ដូចជា តំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីឦសាន និងអាស៊ីខាងត្បូង ដោយភ្ញៀវជនជាតិចិន និងវៀតណាម នាំមុខគេជាមួយកំណើនដល់ទៅ ១៣.៧ភាគរយ និង ៩.៩ភាគរយ។
បើតាម Changi Airport Group ព្រលានយន្តហោះឆាងអ៊ី ស្ថិតនៅក្នុងចំណោមព្រលានយន្តទាំង ១០នៅក្នុងតំបន់ ដែលទទួលបានកំណើនខ្ពស់បែបនេះ ដូចជា ព្រលានយន្តហោះគួឡាឡុំពួ ព្រលានយន្តហោះ ដេនផាសារ និងព្រលានយន្តហហូជីមិញ។
សម្រាប់តួលេខរយៈពេល ១១ខែ ក្រុមហ៊ុន Changi Airport Group បានឲ្យដឹងថា មានអ្នកដំណើរដល់ទៅ ៥៣លាននាក់ បានឆ្លងកាត់ព្រលានយន្តហោះនេះ ឬមានកំណើន ៥.៧ភាគរយ ខណៈដែលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រលានយន្តហោះនេះ កើនឡើង ៦.១ភាគរយ ឬឡើងដល់ទៅ ១.៧៩លានតោន៕









