តុលាការចេញមុខការពារប៉ូលីសម្នាក់ដែលដួលនៅ​មុខឡានរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

សាលាដំបូងខេត្តបន្ទាយមានជ័យអះអាងថា ប៉ូលីសម្នាក់ដែលដួលនៅ​មុខឡានរបស់មន្ត្រីគណបក្សសង្គ្រោះជាតិនោះថា ពិតជារងគ្រោះដោយសារបើករថយន្តបុក ខណៈមានការរិះគន់ខ្លាំងទៅលើចំណាត់ការរបស់តុលាការថា អយុត្តិធម៌។​

នៅក្នុងសេចក្ដីថ្លែងការណ៍ម្សិលមិញ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអះអាងថា បើតាមភស្តុតាងបឋមទាំងអស់ដែលខ្លួនបានរកឃើញថា ប៉ូលីសឈ្មោះ ឈាន ពិសិដ្ឋ ពិតជាបានរងបួសនៅជើងស្ដាំង ដោយសារតែមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី បើកឡានបុករហូតដល់ដួលសន្លប់ មិនមែនជាការធ្វើពុត ដើម្បីទម្លាក់កំហុសទៅលើ លោក ឌិន ពុទ្ធី ដូចការផ្សាព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនឡើយ។

សេចក្ដីថ្លែងការណ៍ឲ្យដឹងថា តុលាការសម្រេចបើកការស៊ើបសួរ ឈ្មោះ ឌិន ពុទ្ធី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ការលើកឡើងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យនេះ បន្ទាប់ពីមានការរិះគន់ខ្លាំងតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះធ្វើរូបត្រាប់តាមវីដេអូឃ្លីប ដែលគេបង្ហោះតាមបណ្ដាញហ្វេសប៊ុក ហើយអះអាងថាវិធានការរបស់តុលាការជារឿងអយុត្តិធម៌។ ពិសេសជានេះទៅទៀត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតឡើងវិញចំពោះករណីនេះ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនបានឃើញពីហេតុការណ៍ផ្ទាល់ទេ ប៉ុន្តែបើតាមព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកថា វាជាអយុត្តិធម៌  ព្រោះជាគ្រាន់តែជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយអាចសម្របសម្រួលគ្នា។  លោកបន្តថា កន្លងមក មានមន្ត្រីជាន់ខ្ពស់ខ្លះបានបុកគេស្លាប់តែបែរជាមិនមានទោសអ្វីសោះ ចំណែករណីនេះ តុលាការមិនទាន់ធ្វើកោសល្យវិច្ច័យដោយឯករាជ្យ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៅឡើយ ។

លោកថា៖«ជាការពិតវាត្រូវតែមានការស៊ើបអង្កេតបានច្បាស់លាស់ ប៉ុន្តែដោយសារស្ថាប័ននៅស្រុកខ្មែរ ភាគច្រើនប្រជាពលរដ្ឋគេមើលឃើញមកថាអត់មានភាពអព្យាក្រឹត្យ និងភាពឯករាជ្យ ។ ចឹងទោះជាយ៉ាងម៉េចក៏ដោយវាស្ទើរយតែបាត់បង់ជំនឿ ដូច្នេះមានតែទៅយកមតិពីប្រជាពលរដ្ឋហើយស្រាវជ្រាវ បង្កើតគណៈកម្មការ​ឯករាជ្យអីទៅ ហើយបើអាចដោះស្រាយដោយសន្តិវិធីបានវាជាការល្អ»។

មន្រ្តីការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ដែលតាមដានករណីនេះថា លោកមិនមានអ្វីភ្ញាក់ផ្អើលទៅលើការចេញសេចក្ដីថ្លែងការណ៍នេះទេ ដោយលោកថាកន្លងមក តុលាការមិនបានផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋពីឯករាជ្យរបស់ខ្លួនឡើយ។  លោកបន្តថា  បើទោះបីជាប៉ូលីសនោះធ្វើខុសក្ដីក៏តុលាការនៅតែឲ្យឈ្នះដែរ ព្រោះខ្លាចអាម៉ាស ដោយមិនខ្វល់ពីការរិះគន់។

លោកថា៖«អត់ឃុំខ្លួនលោក ឌិន ពុទ្ធីវិញគឺ ធ្វើឲ្យអាម៉ាសមុខមន្ត្រីរដ្ឋ មន្ត្រីប៉ូលីស មន្ត្រីសមត្ថកិច្ចខាងក្រសួងមហាផ្ទែ មន្ត្រីអន្តោប្រវេស៍គឺអាម៉ាសមុខទាំងអស់ ​ ព្រោះពលរដ្ឋហ្នឹងចោទ តេះដៀលថាមន្ត្រីនេះអត់ចេះធ្វើការ ឬក៏ចេះតែធ្វើផ្ដេសផ្ដាស់ ។ ចឹងនៅពេលឲ្យខាងប្រជាពលេរដ្ឋចាញ់ ដូចជាឃុំខ្លួនលោក ឌិន ពុទ្ធី ហ្នឹងគឺជាភាពជោយជ័យរបស់រដ្ឋវិញ ភាពជោគជ័យម៉េចគេអត់ខ្លាច ប្រជាពលរដ្ឋហ្នឹងតេះដៀលទេ និយាយក្នុងហ្វេសប៊ុកអីទាំងអស់ហ្នឹង ដោយគេចាត់ទុក​ប្រជាពលរដ្ឋអត់ចេះ អត់ដឹងច្បាប់ ។ ចឹងមនុស្សល្ងង់ មនុស្សអីចឹង គេគ្រាន់តែចេញសេចក្ដីថ្លែងការណ៍មួយដើម្បីបញ្ជាក់អំពីហេតុផលនៃការមួយគឺប្រជាពលរដ្ឋជឿមិនជឿមិនខ្វល់»។

បើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុកបាន​បង្ហាញថា មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿងរបស់មន្រ្តីគណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្តបន្ទាយមានជ័យ ខណៈនគរបាលបានឃាត់រថយន្តរបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ