ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Airlines បាននិយាយថា ក្រុមហ៊ុននឹងអនុញ្ញាតសមាជិកបុគ្គលិកយន្តហោះ ឲ្យប្រើប្រាស់កាំភ្លើងឆក់ ដើម្បីគ្រប់គ្រងអ្នកដំណើរក្រៀវក្រោធ និងត្រៀមជ្រើសរើសបុគ្គលិកបម្រើការលើយន្តហោះជាបុរសបន្ថែមទៀត បន្ទាប់ពីមានការរិះគន់ពីតារាចម្រៀងអាមេរិក លោក Richard Marx ជុំវិញការដោះស្រាយឧបទ្ទវហេតុនាពេលថ្មីៗនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្ដីណែនាំថ្មីសម្រាប់បុគ្គលិកបម្រើការលើយន្តហោះ ដែលបានប្រកាសកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីកើតបញ្ហាកាលពីថ្ងៃទី២០ ខែធ្នូមកនេះ នឹងដាក់បញ្ចូលផងដែរនូវការហ្វឹកហាត់បុគ្គលិកបន្ថែមទៀត ការប្រើប្រាស់ឧបករណ៍ថ្មីៗដើម្បីបង្ក្រាបអ្នកដំណើរប្រើអំពើហិង្សា និងការទបស្កាត់អ្នកដំណើរដែលមានអកប្បកិរិយាមិនសមរម្យ។
ក្រុមហ៊ុន Korean Airline បានប្រកាសបន្តថា ខ្លួននឹងជួលបុគ្គលិកជាបុរសម្នាក់យ៉ាងតិច ឲ្យបម្រើការលើយន្តហោះជាមួយនារីបម្រើការលើយន្តហោះ ១០នាក់ សម្រាប់ជើងហោះហើរនីមួយៗ។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា នៅកូរ៉េខាងត្បូង ចំនួននៃទង្វើខុសច្បាប់ប្រព្រឹត្តនៅលើយន្តហោះ បានកើនឡើង ៣ដង បើធៀបទៅនឹងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕









