បញ្ញត្តិករ​កូរ៉េ​ខាង​ត្បូង​ពិន័យ​ក្រុមហ៊ុន Qualcomm ៨៥៤​លាន​ដុល្លារ​ករណី​រំលោភ​ច្បាប់​ប្រកួត​ប្រជែង

តុលាការ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ពិន័យ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​អាមេរិក Qualcomm Inc. នូវ​ទឹក​ប្រាក់ ៨៥៤​លាន​ដុល្លារ ដោយ​តុលាការ​និយាយ​ថា ការផ្ដល់​ប៉ាតង់​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន និង​ឈីប​ម៉ូឌែម បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណៈកម្មការ​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ក្រុមហ៊ុន Qualcomm បាន​រំលោភ​លើ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ និង​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ការ​ប្រើ​ប្រាស់​ប៉ាតង់​មិន​ចាំ​បាច់​មួយ​ចំនួន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​លក់​បន្ទះ​ឈីប​មូឌែម​របស់​ខ្លួន។

ស្ថាប័ន​កាត់​ក្ដី​វិវាទ​ពាណិជ្ជកម្ម​មួយ​នេះ បាន​បន្ថែម​ថា ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង​ផង​ដែរ តាម​រយៈ​ការ​បដិសេធ ឬ​ការ​ដាក់​កម្រិត​ទៅ​លើ​គូ​ប្រជែង​របស់​ខ្លួន ចំពោះ​ការ​ប្រើ​ប្រាស់​ប៉ាតង់​របស់​ខ្លួន​សម្រាប់​បន្ទះ​ឈីប​នៅ​លើ​ម៉ូឌែម។

ក្រុមហ៊ុន Qualcomm កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន បាន​យល់​ព្រម​បង់​ពិន័យ​នូវ​ទឹក​ប្រាក់ ៩៧៥​លាន​ដុល្លារ នៅ​ក្នុង​ប្រទេស​ចិន ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​​ទៅ​លើ​ករណី​បែប​នេះ​ផង​ដែរ។ ក្រៅ​ពីនេះ ក្រុមហ៊ុន​នេះ​ក៏​រង​ការ​ពិន័យ​នៅ​ឯ​សហភាព​អឺរ៉ុប​ផង​ដែរ ខណៈ​បញ្ញត្តិករ​នៅ​អាមេរិក និង​តៃវ៉ាន់ ក៏​កំពុងស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ