ក្រុមរដ្ឋអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូង ដែលស៊ើបអង្កេតលើរឿងអាស្រូវពុករលួយនោះ បាននិយាយថា ពួកគេបានដាក់ប្រធានទីភ្នាក់ងារសោធននិវត្តន៍ជាតិ ឲ្យស្ថិតក្រោមការឃុំខ្លួនបន្ទាន់នៅព្រឹកថ្ងៃពុធនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters ការិយាល័យរដ្ឋអាជ្ញាពិសេស មិនបានផ្ដល់ព័ត៌មានលម្អិតភ្លាមៗបានទេ ជុំវិញការចាប់ខ្លួនប្រធានទីភ្នាក់ងារសោធននិវត្តន៍ជាតិ លោក មូន ហ្យុងព្យូ ប៉ុន្តែ បាននិយាយកាលពីថ្ងៃចន្ទកន្លងមកថា ពួកគេបានឆ្មក់ចូលផ្ទះលោក មូន ដោយសង្ស័យថាបានរំលោភអំណាច។
ក្រុមរដ្ឋអាជ្ញាពិសេស កំពុងតែត្រួតពិនិត្យមើលថា តើលោក មូន បានដាក់សម្ពាធលើមូលនិធិសោធននិវត្តន៍ ដើម្បីគាំទ្រការច្របាច់បញ្ចូលគ្នានូវទឹកប្រាក់ ៨ពាន់លានដុល្លារ កាលពីឆ្នាំមុន រវាងបុត្រសម្ព័ន្ធពីររបស់ក្រុមហ៊ុន Samsung ខណៈលោកនៅជាប្រមុខក្រសួងសុខាភិបាល និងសុខមាលភាព ដែលជាស្ថាប័នមេរបស់ទីភ្នាក់ងារសោធននិវត្តន៍ជាតិ៕









