រដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុនបានទៅទស្សនាទីសក្ការៈបូជាដ៏ចម្រូងចម្រាស់នៅក្នុងទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកស្រីបានធ្វើដំណើរជាមួយលោក អាបេ និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតទៅទស្សនកិច្ចនៅ Pearl Harbor នៅដែនដីហាវ៉ៃ។
លោកស្រី Tomomi Inada រដ្ឋមន្ត្រីការពារជាតិ ដែល អាបេ បានតែងតាំងថ្មី ហើយត្រូវបានគេស្គាល់ថាជាមនុស្សចូលចិត្តសង្គ្រាមនោះ លោកស្រីបានទៅបំពេញទស្សនកិច្ចនៅទីសក្ការៈសង្គ្រាមយ៉ាស៊ូគុនី ជាលើកដំបូងតាំងពីឡើងកាន់តំណែងកាលពីខែសីហាមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ជប៉ុន NHK។
ទីសក្ការៈយ៉ាស៊ូគុនី បង្កើតឡើងសម្រាប់អ្នកស្លាប់រាប់លាននាក់ដោយសារសង្គ្រាម ហើយកន្លែងនេះរងការថ្កោលទោសយ៉ាងខ្លាំង ពីប្រទេសចិន និង កូរ៉េខាងត្បូង ដែលទទួលរងការឈឺចាប់ដោយសារតែ អាណានិគមន៍ជប៉ុន ពេលកងទ័ពជប៉ុនរាតត្បាតប្រទេសនានានៅពាក់កណ្តាលសតវត្សរ៍ទី២០ ក្នុងសង្គ្រាមលោកលើកទី២។
ដំណើរទស្សនកិច្ចនេះ ហាក់ធ្វើឲ្យភាពតានតឹងកំរើកឡើងវិញ បន្ទាប់ពីលោក ហ្ស៊ីនហ្សូអាបេ រួមដំណើរជាមួយលោក បារ៉ាក់អូបាម៉ា ទស្សនកិច្ចនៅកន្លែងដែលកងទ័ពជប៉ុនវាយប្រហារលើ កងទ័ពជើងទឹករបស់អាមេរិកនៅកោះហាវ៉ៃ កាលពីថ្ងៃទី៧ខែធ្នូ ឆ្នាំ១៩៤១ ហើយបានទាញអាមេរិកឲ្យធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២៕









