តុលាការកំពូលសម្រេចឲ្យបន្តឃុំខ្លួននិស្សិត គង់ រ៉ៃយ៉ា ដែលបានរិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម តាមសាលក្រម របស់តុលាការជាន់ទាបដដែល ដោយសំអាងថា ការស្នើសុំឲ្យកាត់តម្រឹមទោស នៅសល់ពីរខែទៀតនោះ ថាមិនមែនជាទម្រង់ច្បាប់។
យុវជន គង់ រ៉ៃយ៉ា អាយុ ២៤ឆ្នាំ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០១៥ ក្រោយពីយុវជនរូបនោះ បានបង្ហោះសារបដិវត្តន៍ពណ៌នៅក្នុងគណនេយ្យហ្វេសប៊ុក របស់ខ្លួន។
ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស គង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធនាគារ ១៨ខែ ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រំខានដល់សន្តិសុខសង្គម ។ករណីនេះ គង់ រ៉ៃយ៉ា បានប្តឹងជាបន្តបន្ទាប់ទៅសាលាឧទ្ទរណ៍និងកំពូល ប្រឆាំងនឹងសាលក្រមនេះ។
កាលពីថ្ងៃទី២៣ គង់ រ៉ៃយ៉ា បានចូលការពារបន្តឹងសារទុក្ខ របស់ខ្លួននៅតុលាការកំពូល ដោយសុំឲ្យចៅក្រមក្នុងអង្គជំនុំជម្រះកាត់តម្រឹមទោស ឲ្យខ្លួនបាននៅក្រៅឃុំ ដោយអះអាងថា អ្វីដែលខ្លួនគេបានសរសេរលើបណ្តាញសង្គមកន្លងទៅ ថាជាសេរីភាពបញ្ចេមតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ម្យាងទៀត គង់ រ៉ៃយ៉ា អះអាងថា មកដល់ពេលនេះ ខ្លួនគេត្រូវឃុំខ្លួនបាន១៦ខែហើយ នៅសល់តែពីរខែទៀតប៉ុណ្ណោះផុតសាលក្រមផ្តន្ទាទោស។
ប៉ុន្តែចៅក្រម តុលាការកំពូល លោក សាលី ធារ៉ា បានអានសាលដីការនៅថ្ងៃទី២៩ខែធ្នូនេះថា ការស្នើសុំ របស់និស្សិត គង់ រ៉ៃយ៉ា មិនមែនជាទម្រង់ច្បាប់ទេ លោកថា ដូចនេះតុលាការកំពូល ចាត់ទុកថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រឹមត្រូវតាមទម្រង់ច្បាប់ និងបញ្ជាឲ្យឆ្មាំពន្ធនាគារបញ្ជូន គង់ រ៉ៃយ៉ា ទៅឃុំខ្លួនបន្តទៀត។
ពេលចេញពីបន្ទប់សវនាការ គង់ រ៉ៃយ៉ា បានបង្ហាញការខកចិត្តទៅនឹងការសម្រេច របស់តុលាការជាន់ខ្ពស់នេះ។
លោកថា៖«ការមិនដោះលែងខ្ញុំដែលនៅសល់កម្រិតទោសមិនដល់២ខែទៀតនោះ ខ្ញុំមិនអត់មានអ្វីគួឲ្យសោកស្តាយទេ។ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ និងឈឺចាប់បំផុតនោះ កេរ្តិ៍ដអាសោច ដែលកំពុងតែស្អុយរលួយ របស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលធ្វើឲ្យខ្ញុំមិនមានកិត្តិយស៌គ្រប់គ្រាន់សម្រាប់នឹងងើយមុខ លើឆាកអន្តរជាតិ មិនហ៊ានងើយមុខនៅពេលដែលគេសួរខ្ញុំពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
លោកមេធាវី សំ សុគង់ ដែលការពារក្តីឲ្យ គង់ រ៉ៃយ៉ា អះអាងថាលោកហាក់ភ្ញាក់ផ្អើលពីសាលដីកានេះ ដោយថាកូនក្តីលោកទទួលទោសលើសពី២ភាគ៣ ក្នុងចំណោមទោស១ឆ្នាំកន្លះ នៅតែមិនព្រមដោះលែង។ចំណែកកងអង្គរក្សដែលវាយតំណាងរាស្ត្រ តុលាការតម្រូវឲ្យទទួលទោសតែ១ឆ្នាំ ក្នុងនៃទោសសរុប៤ឆ្នាំ។
លោកថា៖«បើយើងពិនិត្យទៅលើអង្គហេតុ និងបទចោទទៅលើអង្គរក្សហ្នឹង យើងឃើញថាវាមានលក្ខណធ្ងន់ធ្ង ព្រោះព្យសនកម្មវាធំ ប៉ុន្តែ គង់ រ៉ៃយ៉ា គាត់ជាយុវជនគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ ដែលជាមានទោសលើសអ្នកវ៉ៃ ខ្ញុំមានការភ្ញាក់ផ្អើលដែរ ចំពោះការសម្រេចបែងហ្នឹង»។
អ្នកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីការដូ លោក អំ សំអាត លើកឡើងប្រហាក់ប្រហែលដែរថា សាលដីកានេះ នៅតែបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានភាពលំអៀង ដោយលោកប្រៀបធៀប ពីចំណាត់ការ របស់តុលាការក្នុងការផ្តន្ទាទោសកងអង្គរក្សនាយករដ្ឋមន្ត្រី៣នាក់ ដែលវាយតំណាងរាស្ត្របក្សប្រឆាំងឲ្យរងរបសួសធ្ងន់ និងនិស្សិត គង់ រ៉ៃយ៉ា ដែលផ្ញើសារលើតាមបណ្តាញសង្គម រិះគន់រដ្ឋាភិបាលនោះ។
លោកថា៖«ករណី គង់ រ៉ៃយ៉ាង និងអង្គរក្សវាយតំណាងរាស្ត្រវិញ បទល្មើសវាខុសគ្នាឆ្ងាយ ។ប៉ុន្តែផ្ទុយទៅវិញអ្នកដែវាយតំណាងរាស្ត្រវិញជាប់ពន្ធនាគារជាក់ស្តែងតែ១ឆ្នាំ ហើយ៣ឆ្នាំទៀតព្យួរ ហើយចេញមកវិញឡើងស័ក្តិទៅទៀត។ចំណែឯ គង់ រ៉ៃយ៉ា គ្រាន់តែរិះគន់បញ្ចេញមតិតាមប្រព័ន្ធហ្វេសប៊ុក ត្រូវជាប់ពន្ធនាគារ១៨ខែពេញតែម្តង ។អានេះបើយើងមើលពីប្រព័ន្ធច្បាប់វាហាក់ដូចអត់ស្មើគ្មាទេ»។
បើតាមលោក អំ សំអាត បើចំណាត់ការ របស់មន្ត្រីតុលាការ នូវតែមិនធ្វើឲ្យពលរដ្ឋជឿលើឯករាជ្យភាព របស់ខ្លួនដូចបច្ចុប្បន្ននេះ លោកថា ប្រព័ន្ធយុត្តិធម៌នៅតែរងនូវការរិះគន់ថាជាឧបករណ៍នយោបាយ។លោកបន្តថា បើប្រព័ន្ធយុត្តិធម៌នៅតែបែបនេះ នឹងបង្កឲ្យមានការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំង៕









