អ្នកតវ៉ាមួយចំនួនឲ្យដោះលែងមន្រ្តីបក្សប្រឆាំងត្រូវបានឃាត់ខ្លួនរយៈពេលខ្លី

ការតវ៉ាទាមទារឲ្យ​ដោះ​​លែងមន្ដ្រីបក្សប្រឆាំងមួយរូបដែលតុលាការឃុំខ្លួនក្នុងទំនាស់គ្រោះថ្នាក់ចរាចរណ៍ (FreshNews)

មន្ដ្រីសមាគមឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លី នៅ​ព្រឹកថ្ងៃ​ព្រហ​ស្បតិ៍នេះ ខណៈពលរដ្ឋរាប់រយនាក់ផ្សេងទៀតទាមទារឲ្យ​ដោះ​​លែងមន្ដ្រីបក្សប្រឆាំងមួយរូបដែលតុលាការឃុំខ្លួនក្នុងទំនាស់គ្រោះថ្នាក់ចរាចរណ៍។

​កាលពីថ្ងៃទី២៣ខែធ្នូនេះ តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រីបក្សប្រឆាំងខេត្ដបន្ទាយមានជ័យ​លោក ឌិន ពុទ្ធី ទាក់ទងករណីមន្ដ្រីប៉ូលិសព្រំដៃនឈ្មោះ ឈាន ពិសិដ្ឋ ដូលមុខឡានរបស់លោក ឌិន ពុទ្ធី។

សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែតលោក អ៊ី សុខ​គ្រៀម ប្រាប់​VODថា​ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានចាប់ខ្លួនបាតុករប្រមាណ៤ទៅ៥នាក់ដាក់រថយន្ដយកទៅ​កាន់​កន្លែង​ផ្សេង នៅពេលពួកគេ​តវ៉ាទាមទារឲ្យ​ដោះ​​លែង ឌិន ពុទ្ធី។ ប៉ុន្ដែលោកថា អាជ្ញា​ធរដែល​មានអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ​​បាន​ដោះលែងវិញ បន្ទាប់ពីមាន​ការសន្យា​ឈប់តវ៉ា។​ លោក​បន្ដថា ពលរដ្ឋប្រមាណ​៣០០នាក់ បាន​នាំគ្នាតវ៉ាប្រ​ឆាំង​​​ការឃុំខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះ ដោយថា លោក ពុទ្ធី ​មិនបានបើកឡានបុកប៉ូលីសនោះទេ។

ប៉ុន្ដែសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្ដបន្ទាយមានជ័យអះអាងថា មន្ដ្រីប៉ូលិសម្នាក់ដែលដួលនៅមុខ​ឡាន​​មន្ដ្រី​បក្សសង្គ្រោះជាតិពិតជាជនរងគ្រោះដោយសាររថយន្ដបើកបុក។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យលោក ស៊ុំ ចាន់គា មានប្រ​សាសន៍កាល​ពីម្សិលមិញថា តុលាការមិនបានផ្ដល់ជំនឿទុកចិត្តដល់​ប្រជាពលរដ្ឋពីឯករាជ្យ​របស់ខ្លួន​ឡើយ បើទោះ​បីជា​ប៉ូលីសនោះធ្វើខុសក្ដី ក៏តុលាការនៅតែឲ្យឈ្នះដែរ ព្រោះខ្លាចអាម៉ាស ដោយមិនខ្វល់ពីការរិះគន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ