ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ អមដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានយាង និងធ្វើដំណើរតាមរថភ្លើងទៅចូលរួមអបអរឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ។
តាំងពីព្រលឹមថ្ងៃទី៣០ ធ្នូ ២០១៦នេះ នៅស្ថានីយ៍រថភ្លើងកម្ពុជា មានការរៀបចំទទួល និងអមដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ រួមទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧកញ៉ា និងខ្សែស្រឡាយរាជវង្សមួយចំនួនទៀត។
រថភ្លើងវិលកង់នៅម៉ោង៧និង៣០នាទី យាងព្រះមហាក្សត្រនិងអ្នកអមដំណើរទាំងអស់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងបុណ្យឆ្នាំសកល ២០១៦ ចូល ២០១៧។
ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ បានសាងសង់ឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម ហើយត្រូវផ្អាកដំណើរការនៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ក៏ធ្លាប់បានធ្វើដំណើរជាលើកដំបូងដែរតាមរថភ្លើងនេះ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីផ្លូវដែកនេះត្រូវបានជួសជុលឲ្យដំណើរការឡើងវិញ៕