ខណៈដែលតារាភាគច្រើនខ្វាយខ្វល់រឿងជ្រុះបាត់ការងារព្រោះតែជក់សូរចេញសម្ដែងក្រៅស្រុកច្រើនខែ តារាស្រីនាងពៅ លីដា បែរបានកុងត្រាតួឯកមួយភ្លាម បន្ទាប់ពីវិលមកពីការសម្ដែងនៅអាមេរិកមិនដល់២សប្ដាហ៍។ នេះជារឿងទី១ បើរាប់ត្រឹមនាងបាត់មុខទៅដល់ទៅជិត៣ខែពីស្រុក ប៉ុន្តែបើការសម្ដែងដែលនាងបានទទួលតាំងពីដើមឆ្នាំ២០១៦ ក៏មានច្រើនដែរ។
កញ្ញាបានថ្លែងបញ្ជាក់កាលពីថ្ងៃទី៣០ ធ្នូ ក្នុងពិធីក្រុងពាលីរឿង«អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ»ថា គ្រាន់តែមកដល់ដីកំណើតភ្លាម នាងក៏ត្រូវផលិតកម្មBKS ទាក់ទងអោយសម្ដែងភាពយន្តខ្នាតធំមួយភ្លែត ដោយកិច្ចកុងត្រាទើបត្រូវបានសម្រេចផ្លូវការក្នុងពិធីក្រុងពាលីនាព្រឹកនោះ។ នាងថាផលិតករអោយសម្ដែងតួខ្មោច តែតួឯកធំទើបនាងពេញចិត្តទទួលយក បើទោះជាក្នុងសាច់រឿងមើលទៅមានឈុតគ្រោះថ្នាក់ ដែលធ្វើអោយនាងរអារច្រើន។
នាងថាក្រោយចប់ការសម្ដែងនៅអាមេរិកហើយមកដល់ស្រុកកាលពីថ្ងៃទី១៤ ធ្នូ នាងជាប់ថតរឿង«ចាប៉ីនាគត្រាច់ចរ»ដែលថតមិនទាន់ចប់ ដោយចាត់ទុកថារឿងដែលទើបកុងត្រាជារឿងទី១បន្ទាប់ពីនាងមកដល់ស្រុ។ នាងនៅក្នុងរឿងនេះនាងមិនមែនសម្ដែងជាតួខ្មោចកំប្លុកកំប្លែងនោះទេ តែជាខ្មោចកាចសាហាវដោយការថតភាគច្រើនគឺថតពេលយប់ ដែលផ្ដល់ការលំបាកដល់នាងច្រើន។ នាងយល់ថាតំណែងចុងក្រោយមានការចាប់អារម្មណ៍ជាងមុន ដោយសារតែខាងផលិតករកុងត្រាយកនាងអោយសម្ដែងតួឯក ហើយមានតារាសម្ដែងសុទ្ធតែល្បីរួមសម្ដែង ដូចជា នាងខ្ញុង នាយចឺម លោករ៉ូណាន់តួឯករឿង«កំណត់ហេតុនាងនាថ» កញ្ញាឈុន ស្រីមុំ និងតារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀត។ នាងថាការសម្ដែងក្រៅស្រុកយូរខែ បានរុញអោយនាងបាត់ឱកាសការសម្ដែងច្រើនរឿងក្នុងពេលផលិតករទាក់ទង អ៊ីចឹងហើយទើបនាងយល់ថាកុងត្រាក្នុងរឿង«អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ»គឺជាភាពយន្តដែលជួយអោយនាងទទួលបានភ្លាមក្រោយពេលបាត់មុខច្រើនខែក្រៅស្រុក។ នាងថាការសម្ដែងរឿងថ្មីជាយីអ៊ុនចុងឆ្នាំ ហើយក៏មិនខុសពីជួយបើកមុខអោយនាងមានការចាប់អារម្មណ៍សម្រាប់ឆ្នាំ២០១៧ខាងមុខ។
ពៅ លីដា នៅតែបញ្ជាក់ពីការប្រកាន់ខ្លួនសម្រាប់តំណែងមិនសមរម្យក្នុងកុន បើទោះជាថតមួយប្លង់ហើយបានតម្លៃខ្លួនខ្ពស់។ នាងថាខ្លួនជាតារាយូរឆ្នាំមកហើយ ហើយក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងនៅល្អណាស់ដែរ ទើបនាងយល់ថាការទទួលសម្ដែងជាតួកំប៉េកកំប៉ុក ឬជាតួរងក្នុងរឿងគឺនាងមិនទទួល។ ក្នុងនោះនាងក៏ប្រកាសមិនទទួលការច្រៀងរាំនៅស្រុកភ្លាមៗនាពេលនេះផងដែរ ក្នុងពេលដែលខាងក្រៅស្រុកចង់អោយនាងចេញទៅច្រៀងភ្លាមៗបន្ថែមទៀតនៅបណ្ដាប្រទេសមួយចំនួន។
នាងថា បើទោះជាបានមួយរឿងភ្លាមក្រោយមកដល់ស្រុក តែការទទួលការងារក្រៅស្រុកញឹកញាប់នឹងធ្វើអោយផលិតករផ្ដល់ជម្រើសចំពោះតារាផ្សេង។ នាងថាក្រោយបញ្ចប់ការសម្ដែងនៅអាមេរិក នាងរវល់ច្រើនក្នុងរឿងបុរាណដែលថតមិនទាន់ចប់ និងរឿបបើកហាងសាឡន ប៉ុន្តែមកពីខាងផលិតកម្ម BKS ផ្ដល់លក្ខណ្ឌអោយនាងពេញចិត្ត ទើបនាងកុងត្រាទទួលយកភ្លាមៗ ដោយគ្រាន់តែមកដល់ប្រទេសកម្ពុជាវិញភ្លាមៗ។ នាងបដិសេធទម្លាយអោយដឹងពីតម្លៃខ្លួន ដោយគ្រាន់តែអះអាងថាធៀបនឹងឆ្នាំ២០១៥ និង ពាក់កណ្ដាលឆ្នាំ២០១៦ គឺតម្លៃចេញថតរបស់នាងកើនខ្ពស់។ បន្ទាប់ពីបានមួយរឿងនេះ នាងក៏ត្រូវផលិតករ២រូបទាក់ទងអោយសម្ដែងរឿង២ផ្សេងគ្នាក្នុងពេលខាងមុខផងដែរ ដោយគ្រាន់តែមិនទាន់ត្រូវរ៉ូវផ្លូវការ ទើបនាងមិនទាន់បង្ហើប និងរំពឹងថានោះជាផ្លែផ្កាសម្រាប់ដើមឆ្នាំ២០១៧។
លោកឈុន សុវណ្ណភក្ដី អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មBKS បានអះអាងថាការពិតរឿង«អាស្ទើរប៉ះខ្មោចបែកស្លុយ»ដែលប្រកាសចេញថតត្រូវក្រុងពាលីមុនហ្នឹង ប៉ុន្តែមកខ្លួនចង់បានតារាសម្ដែងនាពៅ លីដា អោយសម្ដែងតួឯក ទើបគ្រាន់តែនាងមកដល់ស្រុកភ្លាមក៏ទាក់ទងភ្លែត ហើយប្រកាសចេញថតកាលពីថ្ងៃទី៣០ ធ្នូ។ លោកថារឿងនេះចម្រុះដោយតារាល្បីៗក្នុងពិភពសិល្បៈ ដោយខាងផលិតកម្មក៏បានចាប់ដៃជាមួយផលិតកររឿង«កំណត់ហេតុនាងនាថ»ជំរុញគុណភាពរឿងទាំងមូលមានស្នាដៃផងដែរ។ លោកថានេះជារឿងទី៣បន្ទាប់ពីការផលិតបាន២រឿងកន្លងមក ដោយគ្រោងចំណាយទុន៦ម៉ឺនដុល្លារ។ លោកថាសាច់រឿងទាំងស្រុងសំដៅលើភាពភ័យរន្ធត់ និងកំប្លុកកំប្លែង តែពៅ លីដា មិនមែនជាតួសម្ដែងបែបខ្មោចបែកស្លុយនោះទេ គឺតម្រូវអោយសម្ដែងជានារីស្រស់ស្អាត លុះដល់ពេលស្រាប់ក៏ក្លាយជាកាចសាហាវ។ យ៉ាងណាមិញ លោកថាមិនហ៊ានរំពឹងខ្ពស់ទេ បន្ទាប់ស្នាដៃចំនួន២ដែលខាងផលិតកម្ម BKS ផលិតឡើង និងដាក់បញ្ចាំងក៏មិនសូវបានចំណូលខ្ពស់ដូចការគ្រោងទុក៕