នៅឯប្រទេសតួកគី អភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់ ត្រូវបានគេសម្លាប់ ហើយ ៤០នាក់ទៀត បានរងរបួស បន្ទាប់ពីបុរសម្នាក់បានបាញ់រះទៅលើក្លឹបកម្សាន្តមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល នៅយប់ថ្ងៃឆ្លងឆ្នាំសកល។ នេះដោយយោងតាមសារព័ត៌មាន Channel News Asia។
អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក វ៉ាស៊ីប សាហ៊ីន បានចាត់ទុកការបាញ់រះនេះ គឺជាការវាយប្រហារភេរវកម្ម។ លោកថ្លែងថា មនុស្ស ៣៥នាក់ បានបាត់បង់ជីវិតរបស់ពួកគេ ក្នុងនោះមានទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ។
រូបភាពពីទូរទស្សន៍បានបង្ហាញរថយន្តសង្គ្រោះ និងរថយន្តប៉ូលិសស្ថិតនៅលើផ្លូវខាងក្រៅក្លឹបកម្សាន្តនោះ ស្ថិតនៅសង្កាត់អូតាកយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ទូរទស្សន៍ NTV បានផ្សាយថា មនុស្សប្រហែល ៥០០ ទៅ ៦០០នាក់ ស្ថិតនៅក្នុងក្លឹបនោះនៅពេលកើតហេតុ។ មនុស្សមួយចំនួននៅក្នុងពិធីនោះ បានលោតចូលទឹក ដើម្បីគេចពីការបាញ់រះ ហើយបន្ទាប់មកប៉ូលិសជួយសង្គ្រោះ។
ទូរទស្សន៍នេះ ដំបូងឡើយបានផ្សាយថា មានជនវាយប្រហារពីរនាក់ជាប់ពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនេះ ប៉ុន្តែ អភិបាលក្រុងអះអាងថា វាគឺជាស្នាដៃរបស់ខ្មាន់កាំភ្លើងតែម្នាក់ប៉ុណ្ណោះ។
ចំណែកទូរទស្សន៍ CNN ផ្សាយជាភាសាតួកគី បាននិយាយថា ខ្មាន់កាំភ្លើងកំពុងស្ថិតនៅក្នុងក្លឹបនោះនៅឡើយ ហើយកម្លាំងពិសេសកំពុងរៀបចំប្រតិបត្តិការចូលទៅក្នុងអគារនោះ។
ការបាញ់រះនេះ បានកើតឡើងមិនដល់មួយខែផងក្រោយពីការបំផ្ទុះគ្រាប់បែកចំនួន ២ នៅខាងក្រៅកីឡដ្ឋានបាល់ទាត់កាលពីថ្ងៃទី១០ ខែធ្នូ ដែលបានសម្លាប់មនុស្ស ៤៤នាក់ បង្កឡើងដោយពួកឧទ្ទាមឃឺត៕









