អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ថា ប៉ូលិស​ដាណឺម៉ាក​ចាប់​ខ្លួន​កូន​ស្រី​មិត្ត​ភក្តិ​ប្រធានាធិបតី​អ្នក​ស្រី ផាក ហ្គឹនហេ

ប៉ូលិស និង​រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះថា ប៉ូលិស​ដាណឺម៉ាក បាន​ចាប់​ខ្លួន​កូន​ស្រី​អ្នកស្រី ឆយ ស៊ុនស៊ីល ​មិត្ត​ភក្តិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ ដែល​កំពុង​រួប​រឹត​ទៅ​ដោយ​រឿង​អាស្រូវ​ប្រើ​ប្រាស់​ឥទ្ធិពល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters អាជ្ញាធរ​កូរ៉​ខាង​ត្បូង កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​កូន​ស្រីរបស់​អ្នកស្រី ឆយ ឈ្មោះ ជុង យ៉ូរ៉ា ដោយ​សង្ស័យ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ ដែល​បាន​ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល​របស់​អ្នក​ស្រី ផាក និង​បាន​ជំរុញ​ឲ្យ​បាតុករ​រាប់​រយ​ពាន់​នាក់ ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេអ៊ូល​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មកហើយ។

អ្នកស្រី ផាក អាយុ ៦៤​ឆ្នាំ អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ដំបូង​គេ​របស់​កូរ៉េ​ខាង​ត្បូង ដែល​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​នៅ​មុន​ពេល​ផុត​អាណត្តិ បន្ទាប់​ពី​សភា​បោះ​ឆ្នោត​ដក​ហូត​អំណាច​កាល​ពី​ថ្ងៃ​ទី៩ ខែ​ធ្នូ​កន្លង​មក។ សេចក្ដី​សម្រេច​នេះ ត្រូវ​តែ​ទទួល​បាន​បញ្ជាក់ ឬ​ការ​សម្រេច​ពី​តុលាការ​ធម្មនុញ្ញ។

ប៉ូលិស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា អ្នកនាង ជុង ដែល​ជា​អ្នក​ជិះ​សេះ​ហ្វឹក​ហាត់​នៅ​អាល្លឺម៉ង់នោះ ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​ស្នាក់នៅ​ខុស​ច្បាប់​នៅ​ក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​ដាណឺម៉ាក។ ដំណឹង​នៃ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង JTBC។

ប្រឿព​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​ពិសេស​ក្នុង​ទីក្រុង​សេអ៊ូល ដែល​បដិសេធ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​អឺរ៉ុប ដើម្បី​នាំ​យក​អ្នក​នាង ជុង ដែល​ពួកគេ​គិត​ថា នឹង​សម្រេច​ឡើង​នៅ​ក្នុង​រយៈ​ពេល ១ ឬ ២​សប្ដាហ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ