សកម្មជនដីធ្លីមួយចំនួន ដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីអំពាវនាវនិងស្នើសុំឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ឃុំ បានផ្អាកធ្វើយុទ្ធនាការអាវខ្មៅរបស់ខ្លួននៅថ្ងៃចន្ទទី២ខែមករានេះ ខណៈដែលសមាជិកមួយចំនួនកំពុងជាប់រវល់រៀបចំប្រារព្ធខួប៥ឆ្នាំ នៃការបណ្តេញចេញពីលំនៅឋានអ្នករស់នៅសហគមន៍បុរីកីឡា។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់វីអូឌី នៅសប្តាហ៍នេះថា សហគមន៍របស់អ្នកស្រីបានផ្អាកធ្វើយុទ្ធនាការអាវពណ៌ខ្មៅ ដោយថា ថ្ងៃស្អែកពួកគាត់នឹងធ្វើពិធីរំលឹកខួប៥ឆ្នាំ នៃការបណ្ដេញចេញពី លំនៅឋានរបស់សហគមន៍បុរីកីឡា។ អ្នកស្រីបន្តថា ទោះបីជាពួកគាត់ផ្អាកនៅសប្ដាហ៍នេះ ប៉ុន្តែនៅក្នុងសហគមន៍នៅតែមានការស្លៀកពាក់ខ្មៅ ដើម្បីបង្ហាញថា ពួកគាត់មិនបោះបង់យុទ្ធនាការថ្ងៃចន្ធព៌ណខ្មៅនោះទេ។
អ្នកស្រីថា៖ «នៅសប្ដាហ៍ក្រោយ ពួកគាត់ហ្នឹងនាំដើរញត្តិតាមស្ថាប័នផ្សេងៗ ដើម្បីជួយអន្តរាគមន៍ ឲ្យមានការដោះលែងអង្គការសង្គមស៊ីវិលដោយឥតលក្ខខណ្ឌ អ្នកស្រី ទេព វន្នី មន្ត្រី គ.ជ.ប ។ ហើយហ្នឹងឲ្យស៊ើបអង្គេតករណីឃាតកម្មលើលោក បណ្ឌិត កែម ឡី ព្រោះបើតុលាការបិទការស៊ើបអង្កេត ក៏ពួកគាត់ជាប្រជាពលរដ្ឋ នៅតែដានរឿងហ្នឹងគ្រប់ពេលវេលាទាំងអស់ ព្រោះអីមិនមែនជារឿលេងសើចទេ រឿឃាតកម្មលើលោក បណ្ឌិត កែម ឡី មានពាក់ព័ន្ធនៅពីក្រោយខ្នងអ្នកាមានអំណាចហើយ»។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់វីអូឌីនៅថ្ងៃច័ន្ធនេះដែរថា ការផ្អាកធ្វើយុទ្ធនាការអាវខ្មៅ ដោយសារសមាជិករបស់ខ្លួនមិនទាន់់បានជួបជុំគ្នានៅឡើយ ប៉ុន្តែនៅសប្ដាហ៍ក្រោយ អ្នកស្រីថា ពួកគាត់នឹងនាំគ្នាធ្វើទៀត ខណៈដែលរដ្ឋាភិបាលមិនព្រមដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា និងតំណាងពួកគាត់ អ្នកស្រី ទេព វន្នី។ អ្នកស្រីសម្ដែងការសោកស្ដាយ ខណៈដែលរដ្ឋាភិបាលធ្លាប់ង្ហើបប្រាប់ថា នឹងមានការដោះលែងមន្ត្រីសង្គមស៊ីវិលឲ្យមានសេរីភាពមុនបំណាច់ឆ្នាំ២០១៦នេះ។
អ្នកស្រីថា៖ «សូមអំពាវនាវឲ្យមានការដោះលែង ទៅថ្នាក់ដឹកនាំ ជាពិសេសលោកឧបត្តនាយករដ្ឋមន្រ្តី ស ខេង ជួយផ្ដល់យុត្តិធម៌ពួកគាត់ទាំង ៦ រូប ឲ្យជួបជុំក្រុមគ្រួសារពួកគាត់វិញផង ព្រោះអីលោកជាថ្នាក់ដឹកនាំមួយ មិនថាតែពួកខ្ញុំ ពលរដ្ឋទេ ជាពិសេសក្រុមគ្រួសាររបស់គាត់ទន្ទឹងចាំមើលសេរីភាពនឹងមានការដោះលែងទៅតាមការសន្យារបស់លោកឧបត្តនាយករដ្ឋមន្រ្តី ស ខេង។ ខ្ញុំសង្ឃឹមថាគាត់នឹងគោរពសន្យារបស់គាត់ ដើម្បីដោះលែងមន្ត្រីសង្គមស៊ីវិល និងអ្នកស្រី ទេព វន្នី »។
ថ្ងៃចន្ទទី២ខែមករា ឆ្នាំ២០១៧ នេះ ជាសប្តាហ៍ទី៣៥ ហើយដែលសកម្មជនដីធ្លី សង្គមស៊ីវិលនិងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោកកែម ឡី៕









