បាតុកររាប់ពាន់នាក់ ដែលស្រែកខ្លាំងថា “អធិបតេយ្យភាពជារបស់ប្រជាជន” នោះ បានដើរដង្ហែរក្បួននៅទីក្រុងហុងកុង នៅចំថ្ងៃឆ្លងឆ្នាំថ្មី ដើម្បីតវ៉ាប្រឆាំងទៅនឹងការប៉ុនប៉ងតាមផ្លូវច្បាប់របស់រដ្ឋាភិបាល ក្នុងការដកហូតអាសនៈរបស់សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក ណាថាន់ ឡូវ លោក លូ ស៊ីវឡៃ លោក លឿង ក្វុកហុង និងលោក អេវ៉ាដ យីវ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សមាជិកសភាជាប់ឆ្នោតទាំង ៤រូបនេះ ដែលដឹកនាំការតវ៉ា គឺជាគោលដៅថ្មីបំផុតរបស់រដ្ឋាភិបាល ដែលគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យថា កម្ចាត់ចេញពីសភាទីក្រុងហុងកុង។
បាតុកម្មនេះបានកើតឡើងបន្ទាប់ពីតុលាការទីក្រុងហុងកុង បានសម្រេចបណ្ដេញចេញសមាជិកសភា ២រូប ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺអ្នកនាង យ៉ូវ វ៉ៃជីង និងលោក បេជីអូ លឿង ដោយតុលាការចោទអ្នកទាំងពីរថា មិនបានស្បថចូលកាន់តំណែងឲ្យបានត្រឹមត្រូវ ប៉ុន្តែ សេចក្ដីសម្រេចបែបនេះរបស់តុលាការ ដើរស្របគ្នាទៅនឹងជំហររបស់ក្រុងប៉េកាំង។
បើតាម AFP សព្វថ្ងៃនេះ រដ្ឋាភិបាលក្រុងហុងកុង ចង់ហាមឃាត់សមាជិកសភា ៤រូបទៀត ដោយចោទថាបានប្រព្រឹត្តល្មើសនៅក្នុងពិធីស្បថចូលកាន់តំណែង។
ដែនដីហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញនៅឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយដែលធានាដល់ស្វ័យភាពលើការគ្រប់គ្រង និងការរក្សាសេរីភាព និងនីតិរដ្ឋសម្រាប់រយៈពេល ៥០ឆ្នាំ។ ប៉ុន្តែ ក្ដីបារម្ភបានលេចឡើងថា សេរីភាពទាំងនេះ កំពុងត្រូវបានក្រុងប៉េកាំងរឹតត្បិត៕









