ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានធ្វើដំណើរទៅដល់ទីក្រុងបាដាដ នៅថ្ងៃនេះ ដើម្បីជួបជាមួយកងទ័ពបារាំងដែលជួយអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និងរៀបចំពិភាក្សាជាមួយក្រុមមន្ត្រីកំពូល។ នេះដោយតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាម AFP លោក ហូឡង់ ធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ាក់ម្ដងរួចមកហើយកាលពីឆ្នាំ២០១៤កន្លងមក ហើយលោកគឺជាប្រមុខរដ្ឋសំខាន់បំផុតដែលបានធ្វើដំណើរទៅអ៊ីរ៉ាក់ ចាប់តាំងពីចាប់ផ្ដើមសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកប្រយុទ្ធប្រឆាំងនឹងពួកបះបោរអស់រយៈពេល ២ឆ្នាំកន្លះមកនេះ។
AFP បានផ្សាយបន្តថា ប្រធានាធិបតីបារាំង អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ លោក ហ្សង់ អ៊ីវ៉េស ឡឺដ្រៀន នឹងឈប់សំចតនៅក្នុងរដ្ឋស្វ័យតឃឺតឌីស្ថាន ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អំឡុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃរបស់លោក។
បារាំងគឺជាអ្នកចូលរួមចំណែកធំលំដាប់ទីពីរនៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយអាមេរិក ដែលបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងផ្ដល់សម្ភារៈសឹក ការបណ្ដុះបណ្ដាល និងយុទ្ធសាស្ត្រដល់កងទ័ពអ៊ីរ៉ាក់៕









