ក្រុមអ្នកទោសនៅក្នុងពន្ធគារមួយក្នុងប្រទេសប្រេស៊ីល បានកាត់ក្បាលគូសត្រូវរបស់ពួកគេ នៅក្នុងអំពើហិង្សាដ៏ឃោឃៅរវាងក្រុមជនអន្ធពាល ២ក្រុម នៅក្នុងគុក ដែលបណ្ដាលឲ្យមនុស្ស ៥៦នាក់ស្លាប់ ខណៈអ្នកទោស ១៤៤នាក់ទៀត បានរត់គេចខ្លួន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីក្រុមមន្ត្រីនៅថ្ងៃនេះ។
លេខាធិការសន្តិសុខសាធារណៈ លោក Sergio Fontes បាននិយាយថា អំពើហិង្សានោះបានផ្ទុះឡើងកាលពីរសៀលថ្ងៃម្សិលមិញ ហើយបានអូសបន្លាយរហូតដល់យប់មិញនេះ នៅក្នុងពន្ធនាគារមួយ ស្ថិតនៅជាយក្រុង Manaus ដែលជាទីក្រុងនៃរដ្ឋអាម៉ាហ្សូនណា។
អ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្ថិតនៅកន្លែងកើតហេតុនោះ បាននិយាយថា សាកសពប្រឡាក់ទៅដោយឈាម និងឆេះខ្លោច ត្រូវបានគេលើកដាក់នៅលើកម្រាលឥដ្ឋក្នុងពន្ធនាគារនោះ។
នាយកដ្ឋានលោក Fontes ក្រោយមក បានបន្ទាបចំនួនអ្នកស្លាប់មកនៅត្រឹម ៥៦នាក់វិញ ក្រោយពីប្រកាសថា អ្នកស្លាប់មានចំនួនដល់ទៅ ៦០នាក់។
អំពើហិង្សានេះស្ថិតនៅក្នុងចំណោមកុប្បកម្មបង្ហូរឈាមនៅតាមពន្ធនាគារជាច្រើននៅតំបន់អាមេរិកឡាទីន នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕