អ្នកវិភាគថាការមិនវែកមុខអ្នកបង្រ្កាបកម្មករដោយបង្ហូរឈាមមកផ្តន្ទាទោសជាការបណ្តុះវប្បធម៌ហិង្សា

ព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ (រូបឯកសារ)

អ្នកវិភាគមួយចំនួនបង្ហាញការព្រួយបារម្ភថា ជម្លោះផ្ទៃក្នុងរបស់កម្ពុជានឹងបន្តរីកធំនៅពេលខាងមុខ បើ​​មនុ​​ស្ស​ច្រើនទៅៗចេះតែទទួលរងនូវអំពើអយុត្តិធម៌ជាបន្តបន្ទាប់ ខណៈព្រឹត្តិ​ការណ៍បង្ក្រា​​បកម្ម​ក​រនៅ​​​​​ផ្លូ​​វ​វេង​ស្រេ​ង ៣​ឆ្នាំមកនេះ ជនដៃដល់មិនត្រូវបានតុលាការនាំខ្លួនមកទទួលទោស។​

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ព្រឹត្តិការណ៍បង្ក្រាបដោយបង្ហូរឈាមមួយ បានកើតឡើងទៅលើកម្មកររោង​ចក្រកាត់ដេរមួយចំនួនដែលចេញតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ​​។

ការប៉ះទង្គិចគ្នាដោយហិង្សានោះ សមត្ថកិច្ចមួយចំនួនបានរងរបួសដោយដុំថ្ម។ ចំ​ណែ​​​​កម្មករយ៉ាងតិច៤នាក់ ត្រូវបានគេបាញ់ឲ្យស្លាប់នៅនឹងកន្លែង ជិត៤​០នា​ក់​ផ្សេ​​​ងទៀ​​​ត​​បាញ់ឲ្យរងរបួស និង២៣​នា​ក់​​​ត្រូ​​វបានសមត្ថកិច្ចចាប់ខ្លួន។

ប៉ុន្តែគិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ មានរយៈពេល៣ឆ្នាំហើយ ដែលរដ្ឋាភិបាលមិនទាន់បង្ហាញថា ស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវលើការបង្ក្រាបដ៏បង្ហូរឈាមនោះទេ។ ហើយក៏មិនទាន់បញ្ជាក់ថា ស្ថា​ប័​​​​ន​ណា​មួយ​ជាអ្នក​​ផ្ត​​​ល់​សំ​​ណងជម្ងឺចិត្ត ដើម្បីប៉ះប៉ូវដល់ការឈឺចាប់របស់គ្រួសារជនរងគ្រោះដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ក្នុងរបបប្រជាធិបតេយ្យ រដ្ឋជាអ្ន​​កមានតួនាទីខ្ពស់បំផុតក្នុងការស្វែងយុត្តិធម៌ជនជនរងគ្រោះដែលរងការរំលោភបំពាន​ដោយ​ហិង្សាពី​​ជន​ណាមួយ។

ប៉ុ​ន្តែ​​លោកវិភាគថា ការណីបង្ក្រាបដ៏បង្ហូរឈាមនៅផ្លូវវ៉េងស្រេងដែលរដ្ឋាភិបាលមិនទាន់​រកអ្នកទទួលខុស​ត្រូវឃើ​ញមកដល់ពេលនេះ លោ​ក​ថាបានបង្ហាញពីភាពកម្សោយក្នុងការទទួលខុសត្រូវ តាំងពីថ្នាក់ក្រោមរ​ហូ​តថ្នា​ក់ជាតិ និងថាបានឆ្លុះ​ប​ញ្ចាំង​ពីការលើកទឹកចិត្តឲ្យមានវប្បធម៌នីទណ្ឌភាពបន្តទៀត​។

លោកថា៖ «នៅពេលដែលវប្បធម៌[និទណ្ឌភាព]បែបនេះកាន់តែរីករាលដាលធំ ពេល​នោះ​​យើ​ងមិនអាចរ​កឃើញនូវ​ឯក​ភាពជាតិឬក៏សាមគ្គីភាពជាតិ ដែលនាំឲ្យសង្គមរីកចម្រើននោះទេ។ ក៏ប៉ុ​ន្តែផ្ទុយទៅវិញ វា​នឹងនាំ​ទៅដល់កា​របាក់បែកជាតិ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៊ូ បញ្ញា លើកឡើងថា វប្បធម៌នីទណ្ឌភាពហាក់បា​ន​​គាប់​​ជ្រៅ ដោយលោកបានលើកករណីបាញ់សម្លាប់តារាចម្រៀង ពិសិដ្ឋ ពិលីកា បាញ់សម្លាប់លោក ឈុត វុទ្ធី បាញ់​សម្លាប់លោក ជា វិជ្ជា ការបាញ់សម្លាប់លោក កែម ឡី និងព្រឹត្តិការណ៍បង្ហូ​រឈាមនៅ​លើផ្លូវ​វ៉េង​ស្រេង។

លោក ប៊ូ បញ្ញា បន្តថា ស្នាមរបួសទាំងនេះ វានឹងធ្លាក់ទៅលើរដ្ឋាភិបាលវិញនៅថ្ងៃបោះ​ឆ្នោ​ត​​ខាងមុខ បើគ្មានវិធានការទប់ស្កាត់និងកែទម្រង់ទាន់ពេលនោះ។

លោកថា៖ «ខ្ញុំគិតថា បើកាលណានៅតែបន្តធ្វើអញ្ចឹង វាមិនមែនជារូបភាពល្អទេ វាជារូបភាពគំ​រាមកំហែង​មួយដ​ល់​ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាទៅវិញទេ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយម្នាក់ទៀតគឺលោក គឹម សុខ លើកឡើង​ប្រហា​ក់​ប្រហែ​ល​ដែរថា បើរដ្ឋាភិបាលនៅតែបន្តកប់រឿងនេះចោលមិនបង្ហាញតម្លាភាពនៃការ​ស៊ើប​អង្កេតឈា​នទៅ​​វែកមុ​​ខ​​រក​​​​​​អ្នកទទួលខុសត្រូវ លោកវិភាគថាសាធារណជននឹង​ចោទរដ្ឋាភិបាលថាជា​អ្នកនៅពីក្រោ​​យហេតុ​ការ​ណ៍នោះ។​​

លោកថា៖ «កាលណារដ្ឋាភិបាលនៅតែបន្តឲ្យមានអំពើហិង្សានៅចំពោះមុខប្រជារាស្ត្រ ហើយគឃ្លើន​នៅ​ចំពោះ​មុខសហគមន៍អន្តរជាតិ ដែលគេឃើញគ្រប់គ្នាបែបហ្នឹង។ ច្បាស់ណាថា រដ្ឋាភិបាលអត់មានគំនិតលើកតម្កើងសិទ្ធិសេរីភាពបែបប្រជាធិបតេយ្យទេ។ ហើយ​រឿង​​នេះ​បើយើង​ពិនិត្យឲ្យដល់ទៅ វាទៅជាការសម្លាប់ប្រជាធិបតេយ្យរបស់ពលរដ្ឋ។​ ហើយ​កាល​ណារឿង​ហ្នឹង​វា​នៅតែធ្ងន់ធ្ងរ ​វារាលដាលធំ វានឹងនាំឲ្យមានគំនិតមិនស្របគ្នារវាងពលរដ្ឋទូទៅហើយ​និងរដ្ឋាភិបាល។ ក្នុងករណីបែបហ្នឹ​ងក្នុងអនាគតប្រហែលជាមិនយូរទេ ការប្រឈមដាក់គ្នារវា​ង​ពលរដ្ឋដែលចង់បានយុត្តិធម៌ហើយនិងរដ្ឋា​​ភិបាល​ដែលអសមត្ថភាពក្នុងការការពារយុត្តិធម៌ហ្នឹង វាទៅ​ជា​រឿ​ងផ្ទុះធំ ដល់ពេលនោះយើ​ងអាចនិយាយបានថា វាជាអសន្តិសុខសង្គមទាំងមូល ហើយ​វាពិ​បាក​ស្មាន​ពីអនា​​គតជាតិណាស់ដល់កម្រិតហ្នឹង»។

​ទោះ​ជាយ៉ាងណាលោក ហ៊ុន សែន ធ្លាប់បានទម្លាក់កំហុសនៃការប៉ះទង្គិចគ្នាដោយហិង្សា​នៅផ្លូវវ៉េងស្រេ​ង​កាលពីដើ​មឆ្នាំ២០១៤នោះ ទៅលើមេដឹកនាំបក្សប្រឆាំង ដោយថាមេដឹកនាំបក្សប្រ​ឆាំងបានចុះ​ទៅ​ញុះញ​ង់​ក​ម្មក​​​​រ​ដល់មុខរោងចក្រឲ្យឡើងមកតវ៉ាទាមទារប្រាក់ឈ្នួលនេះ។ តែបក្សប្រឆាំងបានបដិសេធ​ការ​ចោទ​ប្រកាន់នេះ។

ប៉ុន្តែសម្រាប់លោក សូ ចន្ថា វិភាគដែរថា យុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែមានពន្លឺ បើសាធារណ​ជននៅ​តែប​ន្តជំរុញករណីនេះទៅស្ថាប័នពាក់ព័ន្ធ។

លោកថា៖ «នៅក្នុងសង្គមបើពលរដ្ឋមិនឈឺឆ្អាលរឿងសង្គម ហើយមិននាំគ្នាលើកឡើងពីបញ្ហាហ្នឹងទេ អ្នកដឹកនាំដែលគ្មានឆន្ទៈ នឹងព្យាយាមបំភ្លេចចោលនូវបញ្ហានោះ។ អញ្ចឹងប្រសិន​បើម្នាក់ៗនាំគ្នា​លើក​ឡើង​ពីបញ្ហានោះ ខ្ញុំគិតថាយ៉ាងហោចណាស់​ក៏ជំរុញឲ្យអាជ្ញាធរនោះចាប់ផ្តើម​គិតនិងចាប់ផ្តើម​ដោះ​ស្រា​យប​ញ្ហា​នោះបាទ»។

ព្រឹត្តិការណ៍ដែលកងកម្លាំងប្រដាប់អាវុធបង្ក្រាបដោយហិង្សាទៅលើកម្មករនៅផ្លូវវ៉េងស្រេងពេលនោះ ចំ​ពេ​​​​ល​​ជា​​ប់​គាំ​ងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ស្ថានការ​ណ៍ជា​ប់គាំ​ងនយោបា​យនៅ​ពេល​នោះ​ មានព្រឹត្តិការណ៍បាញ់ស​ម្លាប់មនុស្សផ្សេងទៀត ​ក្រៅពីនៅ​ផ្លូវ​​វ៉េងស្រេង ដូចជាការណី​បាញ់សម្លាប់ក​ម្ម​​ក​​​រ​​​​​សំណង់ លោក ម៉ៅ សុខចាន់ អាយុ២៩ឆ្នាំ នៅ​ស្ពានអា​​កាសក្បាលថ្នល់ ពេលអាជ្ញាធរបិទផ្លូវ។

ការ​​​ផ្ទុះអាវុធបាញ់រះកម្មកនៅរោងចក្រ SL នៅគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យ​ស្លាប់អ្នកលក់​បាយ គឺអ្ន​កស្រី អេង សុ​ខុម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ