ក្រុម​ប្រដាប់​អាវុធ​នៅ​ហ្វីលីពីន​វាយ​ប្រហារ​លើ​មន្ទីរ​ឃុំឃាំង​រំដោះ​អ្នក​ទោស​ជាង​១០០​នាក់

ក្រុម​មន្ត្រី​ប្រទេស​នេះ និយាយ​ថា ក្រុម​ប្រដាប់​អាវុធ​មាន​ទំនាក់​ទំនង​នឹង​ក្រុម​បះបោរ​បំបែក​ខ្លួន​មូស្លីម បាន​វាយ​ប្រហារ​ទៅ​លើ​មណ្ឌល​ឃុំ​ឃាំង​មួយ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ នៅ​ថ្ងៃ​នេះ ដោយ​បាន​សម្លាប់​សន្តិសុខ​យាម​គុក​ម្នាក់ និង​បាន​រំដោះ​អ្នក​ទោស ១៣២​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បានរាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល ២​ម៉ោង បាន​ផ្ទុះ​ឡើង​នៅ​ពេល​ក្រុម​ប្រដាប់​អាវុធ​ជាង ១០០​នាក់ បាន​វាយ​ប្រហារ​ទៅ​លើ​ពន្ធនាគារ នៅ​តំបន់​កូតាបាតូ ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ឆ្មាំ​គុក និង​រំដោះ​អ្នក​ទោស​ឲ្យ​រត់​គេច​ខ្លួន។

ប្រធាន​មណ្ឌល​ឃុំឃាំង លោក Peter John Bonggat​ បាន​និយាយ​ថា ការ​វាយ​ប្រហារ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ក្រុម​បំបែក​ខ្លួន ស្ថិត​ក្នុង​ក្រុម​ឧទ្ទាម​មូស្លីម​ឈ្មោះ​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូរ៉ូ។

ប៉ុន្តែ AFP មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ភ្លាមៗ​ពី​មន្ត្រី​ប៉ូលិស និង​យោធា​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ ទាក់ទង​នឹង​អត្ត​សញ្ញាណ​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ និង​ហេតុផល​នៃ​ការ​ទម្លាយ​ពន្ធនាគារ​នោះ ប៉ុន្តែ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ជន​វាយ​ប្រហារ និង​អ្នក​រត់​គេច​ខ្លួន​ទាំង​នោះ​មក​វិញ។

តំបន់​មិនដាណាវ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន បាន​ស្ថិត​នៅ​ក្រោម​ស្ថានភាព​អសន្តិសុខ​អស់​រាប់​ទសវត្សរ៍​មក​ហើយ ដោយសារ​តែ​ក្រុម​បះបោរ​មូស្លីម ព្រម​ទាំង​ក្រុម​ឧក្រិដ្ឋន​អន្ធពាល​មួយ​ចំនួន ដែល​នៅ​ក្នុង​នោះ មាន​អ្នក​ខ្លះ​ប្រកាស​ថា ជា​សាខា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ