លោក ត្រាំ ចោទ​ចិន​ថា​អត់​ជួយ​គ្រប់​គ្រង​កូរ៉េ​ខាងជើង តែ​ចិន​ថាខ្លួន​ខំ​ណាស់​ហើយ

ក្រសួង​ការបរទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​ខិត​ខំ​ព្យាយាម​បញ្ចុះ​បញ្ចូល​របស់​ចិន​ឲ្យ​កូរ៉េ​ខាង​ជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ គឺ​ជា​រឿង​ពិត​មិន​អាច​ប្រកែក​បាន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ក្រសួង​ការបរទេស​ចិន បាន​អះអាង​ដូច្នេះ បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ក្រុង​ប៉េកាំង​មិន​ជួយ​គ្រប់​គ្រង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ឡើយ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ថា ប្រទេស​របស់​លោក ជិត​ចាប់​ផ្ដើម​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ហើយ ដែល​ជំរុញ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា គ្រាប់​មីស៊ីល​នោះ​អាច​បាញ់​ទៅ​ដល់​ទឹក​ដី​អាមេរិក។

ប៉ុន្តែ លោក ត្រាំ បាន​ទាត់​ចោល​ការ​អះ​អាង​បែប​នេះ​របស់​លោក គីម ដោយ​និយាយ​ថា វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ។

លោក ត្រាំ បាន​ព្រាង​គោល​នយោបាយ​ស្ដី​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​រួច​ហើយ ប៉ុន្តែ អំឡុង​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន លោក​ប្រាប់​ថា លោក​មាន​ឆន្ទៈ​ជជែក​ជាមួយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រទេស​មួយ​នេះ។

លោក ត្រាំ ក៏​បាន​រិះគន់​ចិន​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង​ផង​ដែរ។ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក លោក ត្រាំ និយាយ​ថា ចិន​បាន​ទទួល​ប្រយោជន៍​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​អាមេរិក ប៉ុន្តែ បែរ​ជា​មិន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ជួយ​គ្រប់​គ្រង​កូរ៉េ​ខាង​ជើង​នោះ​ឡើយ។

ជាការ​ឆ្លើយ​តប​នឹង​លោក ត្រាំ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក ហ្គឹង ហ្សួង បាន​និយាយ​ថា ចិន​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ