មនុស្សជាង ៤០០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃអំឡុងបុណ្យចូលឆ្នាំថ្មី បើទោះបីជារដ្ឋាភិបាលបានធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ក៏ដោយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានឃើញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាននិយាយថា មនុស្ស ៤២៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ៣៣២៧ករណី នៅចន្លោះថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករានេះ ពោលគឺបានកើនឡើងពីចំនួន ៣៤០នាក់ កាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៥ បានឲ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ស្ថិតនៅកម្រិតខ្ពស់បំផុតនៅលើពិភពលោក លើកលែងតែប្រទេសលីប៊ី ដែលញាំញីទៅដោយសង្គ្រាម។
តួលេខគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ បានកើនឡើង បើទោះបីជារដ្ឋាភិបាលបានធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍តាមរយៈការបង្កើនចំនួនវត្តមានតម្រួត និងយុទ្ធនការផ្សព្វផ្សាយព័ត៌មានក៏ដោយ។
ច្បាប់ដែលតម្រូវឲ្យពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់ កម្រត្រូវបានគេអនុវត្តណាស់ ខណៈដែលការបើកបរក្នុងស្ថានភាពស្រវឹង បានក្លាយជារឿងធម្មតាទៅហើយ៕









