ភាពចម្រូងចម្រាស់មួយបានកើតឡើងនៅជាប់របងទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៤ខែមករានេះ ខណៈពលរដ្ឋជាង១០០នាក់មកពីខេត្តកោះកុង បាននាំគ្នាស្រែកមេក្រូនិងលើកបដា ជំរុញឲ្យរដ្ឋាភិបាលពន្លឿនកិច្ចអន្តរាគមន៍ ដោះស្រាយជម្លោះដីជាង៨០០ហិកតា ដែលបានអូសបន្លាយជិត១០ឆ្នាំ។
តំណាងអ្នកតវ៉ាអះអាងថា ពួកគេ១៨៩គ្រួសារនៅស្រុកសែអំបិល ខេត្តកោះកុង បានបាត់បង់ដីទំហំ៨៤១ហិកតា តាំងពីឆ្នាំ២០០៦ និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថា ដីទាំងនោះត្រូវបានក្រុមហ៊ុនចំនួនពីរនៅខេត្តនោះរំលោភយក គឺមានក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ និងក្រុមហ៊ុន ស្កស របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់។
ប៉ុន្តែភាពចម្រូងចម្រាស់បានស្ងប់ទៅវិញ ក្រោយពីមេធាវីរបស់រដ្ឋាភិបាលនិងជាទីប្រឹក្សារដ្ឋាភិបាល លោក ប៉ាល់ ចន្ទតារា ចេញមកទទួលញត្តិនិងសន្យាពន្លឿនដំណោះស្រាយ។
លោកថា៖ «ខ្ញុំថាចាត់ការ ចាត់ការជូនហើយ។ ហើយយន្តការរបស់រដ្ឋាភិបាល គឺក្រសួងដែនដីហ្នឹងគាត់រៀបចំដោះស្រាយច្រើនកន្លែងណាស់ ដូចជាជាង២០ក្រុម មិនមែនធ្វើតែរឿងបងប្អូនមួយទេ ហើយក្រសួងចាត់ការលឿនណាស់ ក្រសួងរៀបចំដែនដី អញ្ចឹងខ្ញុំគិតថា ដាក់ទៅភ្លាម ឯកឧត្តមទេសរដ្ឋមន្ត្រី [ជា សុផារ៉ា] លោកចាត់ការលឿនណាស់»។
បុរសអ្នកតវ៉ាម្នាក់ គឺលោក យ៉ង់ ផាន បង្ហាញការខកចិត្តនៅចំពោះមុខ លោក ប៉ាល់ ចន្ទតារា ដោយថា ពាក្យសន្យានេះលោកធ្លាប់ឮជិត១០ឆ្នាំមកហើយ។ លោកជំរុញឲ្យមន្ត្រីរដ្ឋាភិបាលរូបនោះធ្វើយ៉ាងណា ជំរុញពាក្យសន្យានេះឲ្យមានប្រសិទ្ធិភាពជាងមុន ទើបដោះស្រាយបញ្ហាជាប់គាំងនោះបាន។
លោកថា៖ «ពេលឈូសឆាយ គេ[អាជ្ញាធរ]និយាយថា ចំាខ្ញុំដោះឲ្យ ដល់ឈូសឆាយហើយ ថាចាំដោះឲ្យទៀត ដល់ពេល១ឆ្នាំក្រោយ ថាចំាដោះឲ្យទៀត ដោះៗៗៗៗៗ រហូតដល់ពេល១០ឆ្នាំហើយ ឮថាដោះរហូត។ កុំរកស៊ីកុហកប្រជាជនតទៅទៀត? បាទ បើថាដោះ ប្រាប់ថាដោះទៅ? អាស្អីក៏មិនប្រាប់ អាស្អីក៏មិននិយាយ។ ចាំដោះឲ្យៗៗ ១០ហើយហ្នឹង ចាំទាល់តែអស់អង្ករស៊ីម៉ងតាមមើល»។
តំណាងអ្នកតវ៉ា អ្នកស្រី ផាវ ញើង អះអាងប្រហាក់ប្រហែលដែរថា ជម្លោះអូសបន្លាយជិត១០ឆ្នាំមកនេះ អ្នកស្រីថា ដោយសារតែអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធមួយចំនួន គេចវេសមិនទទួលខុសត្រូវ ហើយបានឆ្លើយដាក់គ្នាទៅវិញទៅមក ដោយថាបង្កឲ្យពលរដ្ឋនៅតែបន្តរងគ្រោះជិត១០ឆ្នាំមកនេះ។
អ្នកស្រីថា៖ «ខ្ញុំអត់ទាន់ជឿនៅឡើយទេ ព្រោះពួកខ្ញុំមកគ្នាច្រើនគេឆ្លើយអញ្ចឹងហើយ។ ខ្ញុំឃើញថា ឲ្យតែជិតដល់ពេលបោះឆ្នោត គេ [រដ្ឋាភិបាល] ធ្វើអញ្ចឹងរហូត។ ដំណោះស្រាយអត់អីទេ បងទៅសិនទៅ យើងនឹងដោះឲ្យអីអញ្ចឹងទៅ។ អញ្ចឹងលើកមុនយើងអត់ដែលបានជួបឯកឧត្តមនេះមែន ប៉ុន្តែលើកនេះយើងបានជួប អញ្ចឹងចាត់ទុកថាខ្ញុំជឿ៥០ភាគរយសិន»។
ស្ត្រីអ្នកតវ៉ាវ័យចំណាស់ម្នាក់ទៀតទទូចឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ដោយអះអាងថាពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ។
ស្ត្រីនោះថា៖ «វេទនាណាស់ កូនខ្ញុំអត់មានអីហូបទេ យកដីយកចំការខ្ញុំអស់ រាល់ថ្ងៃនេះកូនច្រើន អត់មានលុយឲ្យកូនទៅរៀនទេ ចំណែកខ្ញុំវិញ កូន៩នាក់ ប្រុស១ ស្រី៨ អត់បានទៅរៀននឹងគេទេ ទៅធ្វើខ្ញុំឲ្យគេ កាប់អំពៅ១០០បាច់បាន១ម៉ឺនរៀល អត់មានលុយទៅរៀន។ ខ្ញុំសូមអំពាវនាវឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយប្រគល់ដីឲ្យពួកខ្ញុំវិញមក ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ បើមិនឲ្យទេ ពួកខ្ញុំនៅទីនេះ ព្រោះទៅក៏អត់ដីនៅដែរ»។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកតវ៉ាដដែលនេះបានទៅដាក់ញត្តិជំរុញក្រសួងមហាផ្ទៃនិងខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲ្យជួយពន្លឿនដំណោះស្រាយជម្លោះដីធ្លីនេះដូចគ្នា។ ប៉ុន្តែលោក ប៉ាល់ ចន្ទតារា បង្ហាញឯកសារទៅអ្នកតវ៉ាថា រដ្ឋាភិបាលភិបាលបានប្រគល់កិច្ចការនេះឲ្យទៅលោក ជា សុផារ៉ា ជារដ្ឋមន្រ្តីក្រសួងដែនដីទទួលបន្ទុកដោះស្រាយហើយកាលពីថ្ងៃម្សិលមិញ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តកោះកុងលោក អ៊ិន គង់ជិត អះអាងថា ជម្លោះអូសបន្លាយនៅស្រុកស្រែអំបិលនោះ លោកថាដោយសារអាជ្ញាធរពាក់ព័ន្ធមិនកាត់ឆ្វៀលដីអ្នកភូមិចេញពីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនតាមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល។
លោក អ៊ិន គង់ជិត ជំរុញឲ្យរដ្ឋាភិបាលពន្លឿនដោះស្រាយករណីនេះ ដោយថាដើម្បីបង្កលក្ខណងាយស្រួយដល់ការបង្កបង្កើនផលរបស់អ្នកភូមិឡើងវិញ៕









