ក្រុមអ្នកការពារសិទ្ធិមនុស្សចោទថា រដ្ឋាភិបាលមីយ៉ាន់ម៉ាព្យាយាមបិទបាំងកងកម្លាំងប្រដាប់អាវុធធ្វើទារុណ កម្មលើជនស៊ីវិលក្រុមអ្នកកាន់សាសនាឥស្លាម ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីស្រាវជ្រាវរកឃើញថា សកម្មភាពបណ្តេញចេញទាំងនោះ ស្ថិតក្នុងអំពើប្រល័យពូជសាសន៍។
គណៈកម្មការដែលបង្កើតឡើងដោយរដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី បានប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃពុធម្សិលមិញថា មិនមានករណីកម្លាំងប្រដាប់អាវុធធ្វើទារុណកម្មលើជនស៊ីវិលនោះទេ ហើយថា ពេលនេះក្រុមមន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេត ប៉ុន្តែក្រោយមកមានការផ្សព្វផ្សាយថា វីឌីអូ ដែលបង្ហាញពីសកម្មភាពកម្លាំងប្រដាប់អាវុធ ចង និង ទាត់ធាក់លើអ្នកភូមិជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។
កម្លាំងប្រដាប់អាវុធ បានប្រមូលផ្តុំនៅរដ្ឋរ៉ាឃីនភាគខាងត្បូងតាំងពីខែតុលា មកបន្ទាប់ពីមានការវាយប្រហារលើប៉ុស្តិ៍យាមចំនួន៣កន្លែង បណ្តាលឲ្យនគរបាល៩នាក់ស្លាប់ ក្រោយមកមានការចោទថា ការវាយប្រហារនោះធ្វើឡើងដោយក្រុមជនជាតិភាគតិចនោះ ទើបមានការវាយប្រហារលើអ្នកភូមិទាំងនោះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានចុះផ្សាយថា យ៉ាងហោចណាស់មនុស្សចំនួន៨៦នាក់បានស្លាប់ និង ៣៤០០០នាក់ទៀត បានរត់ឆ្លងដែនចូលក្នុងប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការធ្វើទុកបុកម្នេញ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ជនជាតិរ៉ូហ៊ីយ៉ា រត់គេចខ្លួនដោយសារតែការ ធ្វើទារុណកម្ម បាញ់សម្លាប់ ការរំលោភផ្លូវភេទ និង ដុតផ្ទះអ្នកភូមិ ដែលសកម្មភាពស្ថិតនៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ន។
ទោះយ៉ាងណា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានរៀបចំឲ្យអ្នកសារព័ត៌មានឯករាជ្យ និង អ្នកស្រាវជ្រាវនានាទៅមើលកន្លែងប៉ះទង្គិចគ្នានៅភាគខាងជើងនោះ៕









