នគរបាលឥណ្ឌាថារកមិនឃើញភស្តុតាងពីការបំពានផ្លូវភេទទ្រង់ទ្រាយធំនៅថ្ងៃឆ្លងឆ្នាំសកលនោះទេ

ស្នងការនគរបាលនៅរដ្ឋធានី Bangalore ជារដ្ឋនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាថ្លែងថា ពួកគេរកមិនឃើញភស្តុតាដែលចោទថា មានការបំពាបំពានផ្លូវភេទជាទ្រង់ទ្រាយធំនៅយប់ថ្ងៃឆ្លងឆ្នាំសកលកាលពីថ្ងៃសៅរ៍នៅកណ្តាលរដ្ឋធានីនោះទេ។​

លោក Praveen Sood ថ្លែងប្រាប់BBCថា នគរបាលក្រុមស្រាវជ្រាវបានពិនិត្យមើលឡើងវិញ នៅក្នុងរូបភាពជាង៧០កាមេរ៉ា ប៉ុន្តែលោកថាឃើញមានតែទិដ្ឋភាពផ្សេងៗ មិនបានឃើញរូបភាពពីការបំពានផ្លូវភេទទ្រង់ទ្រាយធំនៅកណ្តាលក្រុងនាំឲ្យកើតមានចលាចលនោះទេ។​​

ទោះយ៉ាងណាស្រ្តីជាច្រើន​ដែលបានចូលរួមកម្មវិធីឆ្លងឆ្នាំ​នៅកណ្តាលរដ្ឋធានី Bangalore ថ្លែងថា ពួកគេរងការបំពានផ្លូវភេទនៅកណ្តាលហ្វូងមនុស្សរាប់ម៉ឺននាក់ ដូចជាលូកស្ទាបខ្លួននិងការអោបថើប។​

បើទោះជានគរបាលថ្លែងថា មិនមានភស្តុតាងពីការបំពានផ្លូវភេទក៏ដោយ តែវីឌីអូដែលBBC ផ្សព្វផ្សាយចំនួន​២ បង្ហាញពីការបំពានផ្លូវភេទលើស្ត្រី។ វីឌីអូទី១ គឺនៅច្រកផ្លូវមួយនៅកន្លែងស្ងាត់បុរសពីរនាក់​ជិះម៉ូតូស្កាត់ផ្លូវនារីម្នាក់ ហើយស្ទុះទៅអោបនាងមួយសន្ទុះមក រុញនាងផ្តួលនៅនឹងដី ហើយពួកគេក៏ជិះម៉ូតូចេញទៅ។

ចំណែកវីឌីអូទី២ បង្ហាញពីទិដ្ឋភាពនៅកន្លែងមានភ្លើងពណ៌ចងលម្អនៅកណ្តាលផ្លូវក្នុងរដ្ឋធានីមានមនុស្សរាប់ម៉ឺននាក់ ដើរកម្សាន្តត្រៀមឆ្លងឆ្នាំសកល មួយសន្ទុះក្រោយមកក៏មានសំឡេងរញ៉េរញៃ ហើយស្ត្រីរត់ទៅកន្លែងផ្សេង ចំណែកកន្លែងនោះ​កម្លាំងនគរបាលបានប្រើដំបងវាយទប់ក្រុមបុរសកុំឲ្យឆ្លងកាត់មកខាងស្រី។​

ឥណ្ឌាគឺជា ប្រទេសដែលមានការរំលោភផ្លូវភេទលើស្ត្រីមានកម្រិតខ្ពស់គឺនៅឆ្នាំ​២០១៥ មានករណីរំលោភផ្លូវភេទជាង ៣៤០០០ករណី។ ជនរងគ្រោះពីការរំលោភចាប់ពីកុមារីមិនទាន់គ្រប់អាយុ រហូតដល់ស្ត្រីវ័យជាង​៦០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ