សកម្មជន​ដី​ធ្លី​គ្រោង​ផ្ញើ​សារ​ទៅបក្ស​នយោបាយ​ឲ្យ​ដោះលែងចំណាប់​ខ្មាំង​នយោបាយ

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

តំណាង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពួកគេ​គ្រោង​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ស្អែក​នេះ ជា​យុទ្ធនាការ​ដែល​បាន​ឈាន​ដល់​សប្ដាហ៍​ទី ៣៧ហើយ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប និង​សកម្មជន​ដី​ធ្លី​មួយ​រូប។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និង​អ្នក​ស្រី លឹម មុន្នី និង​អគ្គ​លេខាធិការ​រង​ គ.ជ.ប. លោក នី ចរិយា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី នៅ​ក្នុង​សំណុំ​រឿង​​របស់​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា។

ចំណែក​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំមុន​ ក្រោម​ការ​ចោទ​ថា​ សកម្ម​ជន​រូបនេះ បាន​ជេរ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ។

អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព លោក កែម ឡី ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ាត ក្នុង​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន។

តំណាង​សហគមន៍​បឹងកក់ កញ្ញា សុង ស្រីលាភ បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា សហគមន៍​បឹងកក់ នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដូច​ធម្មតា នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ នៅ​ក្នុង​សហគមន៍​ផ្ទាល់ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ឲ្យ​បញ្ឈប់​ការប្រើ​ប្រាស់​អ្នក​ជាប់​ឃុំ​ទាំង ៦​រូប​ ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ។ កញ្ញា​បន្ត​ថា យុទ្ធនាការ​នេះ ក៏​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្តិធម៌​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី ផង​ដែរ។

ចំណែក​តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ស ស៊ន បាន​ឲ្យ​ដឹងថា សហគមន៍​របស់​អ្នក​ស្រី​គ្រោង​នឹង​ចូល​រួម​ជាមួយ​សហគមន៍​បឹងកក់ សម្រាប់​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​នៅ​ថ្ងៃ​ស្អែក​នេះ។

យុទ្ធនាការ​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ ត្រូវ​បាន​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល រៀបចំ​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ ដោយ​ឈាន​មក​ដល់​សប្ដាហ៍​ទី ៣៧ ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ ខណៈ​ដែលអ្នក​ជាប់​ឃុំ​ទាំង ៦​រូប​ បន្ត​ជាប់​ឃុំ​នៅ​ឡើយ ហើយ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈនៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ