បទបញ្ជាប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យរឹតបន្តឹងលើប្រជាជនមកពីប្រទេសមូស្លីមចំនួន ៧ មិនឲ្យចូលទៅអាមេរិកនោះ បានបង្កឲ្យមានការភាន់ច្រឡំ និងផ្ទុះកំហឹង នៅថ្ងៃនេះ បន្ទាប់ពីក្រុមពលរដ្ឋអន្តោរប្រវេសន៍ និងជនភៀសខ្លួន បានជាប់គាំងនៅលើជើងហោះហើរ និងជាប់នៅក្នុងព្រលានយន្តហោះនានា។ នេះដោយយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
នៅក្នុងសេចក្ដីសម្រេចរបស់លោកក្រោយចូលកាន់តំណែងជាផ្លូវការបានមួយសប្ដាហ៍នោះ លោក ត្រាំ បានសម្រេចផ្អាករយៈពេល ៤ខែ មិនឲ្យជនភៀសខ្លួនចូលទៅអាមេរិក និងហាមឃាត់បណ្ដោះអាសន្នអ្នកដំណើរមកពីប្រទេសស៊ីរី និងប្រទេស ៦ទៀត។
ក្រុមសិទ្ធិមនុស្ស សកម្មជន និងអ្នកនយោបាយបក្សប្រជាធិបតេយ្យ បានខឹងសម្បារ ហើយប្ដេជ្ញាប្រឆាំងនឹងបទបញ្ជានេះ។
ខណៈប្រឈមនឹងភាពភាន់ច្រឡំ និងការតវ៉ានៅតាមព្រលានយន្តហោះជាច្រើននៅទូទាំងប្រទេស ចៅក្រមសហព័ន្ធ ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក បានសម្រេចផ្ដល់ការអនុញ្ញាតជាបណ្ដោះអាសន្ន។ សហជីពសេរីភាពស៊ីវិលអាមេរិក បានតវ៉ាបានជោគជ័យសម្រាប់ការស្នាក់អាស្រ័យបណ្ដោះអាសន្ន ដែលអនុញ្ញាតឲ្យអ្នកដំណើរជាប់គាំងនៅអាមេរិក អាចស្នាក់នៅលើទឹកដីអាមេរិកជាបណ្ដោះអាសន្ន។
ក្រុមអ្នកគាំទ្រនៅខាងក្រៅបន្ទប់តុលាការនៅសង្កាត់ Brooklyn នៅឯព្រលានយន្តហោះក្នុងទីក្រុងដាឡាស ទីក្រុងឈីកាហ្កូ ទីក្រុងញូវយ៉ក និងកន្លែងផ្សេង បានអបអរចំពោះការសម្រេចដូច្នេះរបស់តុលាការសហព័ន្ធ ប៉ុន្តែ ការជំទាស់កាន់តែធំនឹងកើតឡើងនៅពេលខាងមុខ។
ការសម្រេចរបស់តុលាការនេះ មិនបានផ្លាស់ប្ដូរបទបញ្ជារបស់លោក ត្រាំ នោះឡើយ ដែលបទបញ្ជានោះ បានរងការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តជិតស្និទ្ធមួយចំនួនរបស់អាមេរិក។
លោក ត្រាំ បានសន្យា “បដិសេធ”ទទួលយកជនអន្តោរប្រវេសន៍ និងជនភៀសខ្លួន ពីតំបន់នានា ដែលសេតវិមាននិយាយថា សភាចាត់ទុកថា មានហានិភ័យខ្ពស់៕












