នាវា​កម្សាន្ត​ម៉ាឡេស៊ី​មួយ​គ្រឿង​កំពុង​បាត់​ខ្លួន​ជាមួយ​មនុស្ស​៣១​នាក់

ទីភ្នាក់ងារ​ប្រតិបត្តិការ​ដែនសមុទ្រ​ម៉ាឡេស៊ី ​កំពុង​ស្វែងរក​នាវា​ដែលបាត់​នោះ(រូបភាពពីទីភ្នាក់​ងារ​ព័ត៌មាន​News Straits Times)

នាវា​​ទេសចរណ៍​មួយ​ផ្ទុក​មនុស្ស ៣១​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​បាត់​ខ្លួន ក្រោយ​ពី​មិន​បាន​​វិល​ត្រឡប់​ពី​ដំណើរ​កម្សាន្ត នៅ​ក្នុង​រដ្ឋ​សាបាហ៍ របស់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន News Straits Times។

សារព័ត៌មាន​នេះ បាន​ផ្សាយ​បន្ត​ថា ទូក​ដឹក​មនុស្ស​ចំនួន ២៨​នាក់ មក​ពី​ប្រទេស​ចិន រួម​ជាមួយ​សមាជិក​នាវា ៣​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Pulau Mengalum កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ។

ទីភ្នាក់ងារ​ប្រតិបត្តិការ​ដែន​សមុទ្រ​ម៉ាឡេស៊ី បាន​និយាយ​ថា ប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​នាវា​កំពុង​បាត់​ខ្លួន​នោះ ត្រូវ​បាន​ចាប់​ផ្ដើម​កាល​ពី​យប់​ម្សិលមិញ បន្ទាប់​ពី​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅ​ម៉ោង​ប្រហែល ១០​យប់។

មន្ត្រី​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ខាង​លើ បាន​ប្រាប់​ថា ប្រតិបត្តិការ​ស្វែង​រក គ្រប​ដណ្ដប់​ទៅ​លើ​ផ្ទៃ​ទឹក​ប្រហែល ៤០០​ម៉ៃយ៍​ការ៉េ ហើយ​ទីភ្នាក់ងារ​នេះ​ក៏​បាន​ជូន​ដំណឹង​ទៅ​កង​ទ័ព​អាកាស​ម៉ាឡេស៊ី ឲ្យ​ស្វែង​រក​ពី​លើ​អាកាស​ផង​ដែរ។

មន្ត្រី​ចិន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួរ​ថា ស្ថាន​កុងស៊ុល​ចិន​នៅ​តំបន់ Kota Kinabalu បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សាបាហ៍ ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​នាវា​ដែល​កំពុង​បាត់​ខ្លួន​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ