ជប៉ុន​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ការងារ​អាមេរិក​មុន​ជំនួប​ជាមួយ​លោក ត្រាំ

ប្រទេស​ជប៉ុន​កំពុង​តែ​រៀបចំ​ផែនការ​ដើម្បី​បង្ហាញ​ទៅ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​ថា បណ្ដា​ក្រុមហ៊ុន​ជប៉ុន បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បង្កើត​ការងារ​សម្រាប់​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ផ្សាយ​ថា ការ​ត្រៀម​លក្ខណៈ​របស់​ជប៉ុន ធ្វើ​ឡើង​ចំ​ពេល​ដែល​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ត្រៀម​រៀបចំ​ជួប​​ជាមួយ​មេដឹកនាំ​អាមេរិក ដើម្បី​និយាយ​អំពី​វិស័យ​ពាណិជ្ជកម្ម​រថយន្ត។

លោក អាបេ គ្រោង​ទៅ​ទស្សនកិច្ច​ទីក្រុង​វ៉ាស៊ីងតោន នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដើម្បី​ជជែក​ជាមួយ​លោក ត្រាំ ដែល​គេ​រំពឹង​ថា ជំនួប​នោះ​នឹង​ជំរុញ​វឌ្ឍនភាព​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី។

សេចក្ដី​ព្រាង​ឯកសារ​មួយ ដែល​គេ​ហៅ​ថា “គំនិត​ផ្ដួច​ផ្ដើម​សម្រាប់​ការងារ និង​កំណើន​ពាណិជ្ជកម្ម​អាមេរិក” នោះ បាន​ដាក់​ចេញ​នូវ​វិស័យ​សំខាន់ៗ​ចំនួន ៥ ក្នុង​នោះ​មាន​ទាំង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផង​ដែរ។ ឯកសារ​នោះ មិន​បាន​លើក​ឡើង​អំពី​ពាណិជ្ជកម្ម​រថយន្ត​នោះ​ឡើយ ខណៈ​លោក ត្រាំ ចាត់​ទុក​ពាណិជ្ជកម្ម​រថយន្ត​រវាង​អាមេរិក និង​ជប៉ុន មាន​លក្ខណៈ​មិន​ស្មើ​ភាព​គ្នា។

ឯកសារ​នេះ​ពុំ​បាន​បង្ហាញ​ពី​ទំហំ​ការងារ​ដែល​គេ​គ្រោង​បង្កើត​ឡើង និង​ទំហំ​វិនិយោគ​នោះ​ឡើយ ប៉ុន្តែ ប្រភព​មួយ​ពី​ខាង​រដ្ឋាភិបាល​បាន​​និយាយ​ថា ការងារ​រាប់​រយ​ពាន់​កន្លែង​អាច​កើត​ចេញ​ពី​ការ​វិនិយោគ​នេះ។

ទោះជាយ៉ាងណា ក្រុម​មន្ត្រី​ជប៉ុន​និយាយ​ថា ពួកគេ​នៅ​តែ​ព្យាយាម​វាយ​តម្លៃ​ទៅ​លើ​អ្វី​ដែល​លោក ត្រាំ ចង់​បាន​ពី​ជប៉ុន។ ក្រៅ​ពី​វិស័យ​រថយន្ត លោក ត្រាំ ក៏​បាន​ចាត់​បញ្ចូល​ជប៉ុន​ចូល​ជាមួយ​ចិន និង​ប្រទេស​ម៉ិកស៊ិក ជា​អ្នក​ចូល​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​​អតុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ